ធនាគារជាតិ តែងតែចូលរួមគាំទ្រការអភិវឌ្ឍ SME លើគ្រប់រូបភាពទាំងប្រព័ន្ធទូទាត់ ការបើកគណនីធនាគារ និងលើកទឹកចិត្តដល់ការផ្តល់ហិរញ្ញប្បទានក្នុងអត្រាការប្រាក់ទាប
27-12-2025 08:02
(ភ្នំពេញ)៖ លោក រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ធនាគារជាតិនៃកម្ពុជា (NBC) តែងតែចូលរួមក្នុងការគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SME) តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ឱ្យកាន់តែសម្បូរបែប ការសម្រួលដល់ការបើកគណនីធនាគារ និងការលើកទឹកចិត្តដល់ការផ្តល់ហិរញ្ញប្បទាន ចំពោះ SME ដែលការណ៍នេះជួយលើកទឹកចិត្តដល់ SME អាចទទួលបានឥណទានកាន់តែច្រើនក្នុងអត្រាការប្រាក់ទាប។
ការលើកឡើងរបស់លោក រ័ត្ន សុវណ្ណនរៈ ធ្វើឡើងក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំ លើកទី១២ ឆ្នាំ២០២៥ ស្តីពី «ការជំរុញការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា» នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥។
លោក រ័ត្ន សុវណ្ណនរៈ បានថ្លែងឲ្យដឹងថា សហគ្រាសធុនតូច និងមធ្យមជាសសរស្តម្ភនៃសេដ្ឋកិច្ចកម្ពុជា ដែលតំណាងឱ្យសហគ្រាសអាជីវកម្ម ភាគច្រើនលើសលប់ប្រមាណ៩០% នៃសហគ្រាសអាជីវកម្មទាំងអស់ ព្រមទាំងបាន និងកំពុងបង្កើតការងារជាច្រើនក្នុងវិស័យឯកជន។ ដោយពិនិត្យឃើញពីសារៈសំខាន់នៃ SME ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយគាំទ្រជាច្រើន ក្នុងគោលដៅជំរុញកំណើនក្នុងវិស័យនេះ។
គោល-នយោបាយទាំងនោះបានស្តែងចេញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ យុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២៥-២០៣០ជាដើម។ យុទ្ធសាស្រ្តទាំងនេះមានចក្ខុវិស័យរួមគឺគាំទ្រ SME ឱ្យរីកដុះដាលនិងរីកចម្រើន ទទួលបានហិរញ្ញប្បទានផ្លូវការ និងបច្ចេកទេស ព្រមទាំងអាចឈានចូលទៅប្រព័ន្ធសេដ្ឋកិច្ចផ្លូវការ។
លោកបានថ្លែងបន្ដថា «ធនាគារជាតិនៃកម្ពុជា តែងតែចូលរួមចំណែក ក្នុងការគាំទ្រការអភិវឌ្ឍ SME តាមរយៈការធ្វើទំនើបកម្ម ប្រព័ន្ធទូទាត់ឱ្យកាន់តែសម្បូរបែប ការសម្រួលដល់ការបើកគណនីធនាគារ និងការលើកទឹកចិត្តដល់ការផ្តល់ហិរញ្ញប្បទានចំពោះSME។ ជាក់ស្តែងធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុថ្លឹងហានិភ័យត្រឹម៧៥%ប៉ុណ្ណោះ សម្រាប់ឥណទានចំពោះSME ដែលបានចុះបញ្ជី និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុបានសមស្រប ការណ៍នេះជួយលើកទឹកចិត្តដល់ SME អាចទទួលបានឥណទានកាន់តែច្រើន ក្នុងអត្រាការប្រាក់ទាប»។
លោកបានបញ្ជាក់បន្ថែមថា គិតត្រឹមឆ្នាំ២០២៤ឥណទាន ចំពោះSMEបានកើនឡើងដល់ប្រមាណ៨០,៨ ទ្រីលានរៀល ដែលស្មើនឹង២០,១ ប៊ីលានដុល្លារអាមេរិក និងមានសមាមាត្រប្រមាណ៣៥% នៃឥណទានចំពោះអាជីវកម្មសរុប។ នៅក្នុងបរិបទបច្ចុប្បន្ន SME ក្នុងគ្រប់វិស័យទាំងអស់កាន់តែមានតួនាទីសំខាន់ ក្នុងការជួយដល់សេដ្ឋកិច្ចកម្ពុជា និងកាត់បន្ថយការពឹងផ្អែកជាលំដាប់ពីការនាំចូល តាមរយៈ៖
* ការបង្កើនផលិតកម្មដើម្បីបំពេញតម្រូវការក្នុងស្រុក។
* ការពង្រឹងគុណភាពផលិតផលក្នុងស្រុកឱ្យស្របតាមស្តង់ដាអន្តរជាតិ។
* ការពង្រឹងខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាបាននូវការផ្គត់ផ្គង់គ្រប់គ្រាន់។
លោកបានបញ្ជាក់បន្ថែមថា ដើម្បីរៀបចំអភិវឌ្ឍ SME នៅកម្ពុជាក្នុងទិសដៅនេះ សូមគូសរំលេចពីចំណុចចម្បងៗមួយចំនួនដូចតទៅ៖
១៖ ការជំរុញឱ្យមានចុះបញ្ជីផ្លូវការ។ SME ក្នុងប្រព័ន្ធផ្លូវការទទួលបានការគាំទ្រពេញលេញផ្នែកហិរញ្ញប្បទាន ជំនួយបច្ចេកទេស ឱកាសក្នុងការធ្វើសមាហរណកម្ម ក្នុងតំបន់និងពិភពលោក ព្រមទាំងការលើកទឹកចិត្តផ្សេងទៀត តាមគោលការណ៍របស់រាជរដ្ឋាភិបាល។
២៖ ហិរញ្ញប្បទានដែលទទួលបានត្រូវតែប្រើប្រាស់ ឱ្យស្របតាមគោលបំណងអាជីវកម្ម។
៣៖ SME ត្រូវបន្តពង្រឹងសមត្ថភាព ដូចជា អភិបាលកិច្ចដឹកនាំ ជំនាញ និងបច្ចេកទេស ឱ្យស្របតាមស្តង់ដាអន្តរជាតិ។
៤៖ ការបន្តពង្រឹងបច្ចេកវិទ្យាឱ្យស្របតាមការវិវឌ្ឍយ៉ាងឆាប់រហ័ស របស់ពិភពលោកដែលមានដូចជា ការទូទាត់តាមប្រព័ន្ធឌីជីថល និងការធ្វើពាណិជ្ជកម្មអេឡិចត្រូនិកជាដើម។
៥៖ SME គួរអនុវត្តតាមវិធាន បរិស្ថាន សង្គម និង អភិបាលកិច្ច (ESG) ដើម្បីអាចប្រកួតប្រជែងជាមួយដៃគូក្នុងតំបន់៕



















