មន្រ្ដីធនាគារជាតិ៖ SME ជាគន្លឹះសម្រាប់ភាពធន់នៃសេដ្ឋកិច្ច បរិយាបន្នសង្គម និងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា

28-12-2025 08:29

(ភ្នំពេញ)៖ លោកបណ្ឌិត ឃូ វុឍ្ឍី ឧបការីទេសាភិបាល និងជាអគ្គនាយកគោលនោយបាយ និងសហប្រតិបត្តិការអន្តរជាតិ នៃធនាគារជាតិនៃកម្ពុជា បានថ្លែងឲ្យដឹងថា សហគ្រាសធុនតូច និងមធ្យម (SME) ជាគន្លឹះសម្រាប់ភាពធន់នៃសេដ្ឋកិច្ច បរិយាបន្នសង្គម និងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ការគាំទ្រ SME ជាកត្តាចាំបាច់ សម្រាប់ការអភិវឌ្ឍសេដ្ឋជាតិទាំងមូល។

ថ្លែងក្នុងកម្មវីធីបិទបញ្ចប់ម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១២ ឆ្នាំ២០២៥ ស្តីពី «ការជំរុញការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា» លោកបណ្ឌិត ឃូ វុឍ្ឍី បានលើកឡើងថា សន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំនេះ បានផ្តល់ជាវេទិកាដ៏មានសារៈសំខាន់ និងទាន់ពេលវេលា សម្រាប់ការផ្លាស់ប្តូរទស្សនៈលើប្រធានបទ «ការជំរុញការចូលរួមរបស់សហគ្រាសធុនតូច និងមធ្យម (SME) ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា»

លោកបណ្ឌិតបានបន្ដថា «សន្និសីទថ្ងៃនេះរំលឹកឱ្យយើងឃើញចំណុចសំខាន់មួយគឺ ការគាំទ្រ SME មិនគ្រាន់តែជាគោលដៅជាក់លាក់ តាមវិស័យប៉ុណ្ណោះទេ ប៉ុន្តែជាកត្តាចាំបាច់ សម្រាប់ការអភិវឌ្ឍសេដ្ឋជាតិទាំងមូល។ SME ជាគន្លឹះសម្រាប់ភាពធន់នៃសេដ្ឋកិច្ច បរិយាបន្នសង្គម និងសមត្ថភាពប្រកួតប្រជែងរយៈពេលវែងរបស់កម្ពុជា ជាពិសេសក្នុងបរិបទដែលពោរពេញ ដោយភាពមិនប្រាកដប្រជាខ្ពស់ជាសកល និងការផ្លាស់ប្តូររចនាសម្ព័ន្ធជាលំដាប់»

លោកបណ្ឌិត ឃូ វុឍ្ឍី បានថ្លែងប​ន្ថែមថា ខណៈកម្ពុជាបានទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការជំរុញការអភិវឌ្ឍ SME តាមរយៈការកែលម្អក្របខ័ណ្ឌគោលនយោបាយ យន្តការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការកែទម្រង់រចនាសម្ព័ន្ធនានា សមាមាត្រនៃការចុះបញ្ជី និងការចូលទៅក្នុងវិស័យផ្លូវការ នៅតែមានអត្រាទាបបើប្រៀបធៀបនឹងចំនួនសហគ្រាសសរុបនៅទូទាំងប្រទេស។ ការណ៍នេះបញ្ជាក់ពី ភាពចាំបាច់ក្នុងការបន្តការពង្រឹងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យសហគ្រាសនានាអាចយល់ច្បាស់អំពី
អត្ថប្រយោជន៍នៃការចូលរួមក្នុងវិស័យសេដ្ឋកិច្ចផ្លូវការ។

លោកបណ្ឌិតបានបន្ដថា រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា កំពុងវិវឌ្ឍទៅរកគំរូដែលជំរុញដោយតម្រូវការក្នុងស្រុកកាន់តែច្រើន ជាពិសេសក្នុងស្ថានភាពបច្ចុប្បន្ន។ ក្នុងបរិបទនេះ SME ត្រូវបានរំពឹងថានឹងមានតួនាទីយុទ្ធសាស្ត្រកាន់តែសំខាន់ មិនត្រឹមតែបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក កែលម្អគុណភាពផលិតផល បង្កើនផលិតភាព និងឆ្លើយតបទៅនឹងការផ្លាស់ប្តូរចំណង់ចំណូលចិត្តអ្នកប្រើប្រាស់ ដែលកំពុងមាននិន្នាការគាំទ្រផលិតផលក្នុងស្រុកគួរឱ្យកត់សម្គាល់។ ដូច្នេះ SME ជាគន្លឹះសម្រាប់ការរក្សានិរន្តរភាពកំណើន និងការពង្រឹងភាពធន់នៃសេដ្ឋកិច្ច។

លោកបណ្ឌិត ឃូ វុឍ្ឍី បានបញ្ជាក់ថា «ការទទួលបានសេវាហិរញ្ញវត្ថុ នៅតែជាកត្តាជំរុញដ៏សំខាន់ ប៉ុន្តែក៏ជាបញ្ហាប្រឈមដែលបន្តមានផងដែរ។ ការកែលម្អការទទួលបានសេវាហិរញ្ញវត្ថុ មិនមែនសំដៅតែលើការបង្កើន បរិមាណឥណទានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវគិតគូរពីការកែលម្អគុណភាព ភាពសមស្រប និងនិរន្តរភាពនៃសេវាហិរញ្ញវត្ថុផងដែរ។ ការណ៍នេះទាមទារឱ្យមានការយកចិត្តទុកដាក់ លើការធ្វើឱ្យសេវាហិរញ្ញវត្ថុមានភាពសមស្រប ជាមួយតម្រូវការរបស់ SME ការពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការកែលម្អអភិបាលកិច្ចរបស់សហគ្រាស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឥណទានឱ្យមានប្រសិទ្ធភាព»

លោកបណ្ឌិត ឃូ វុឍ្ឍី បានបញ្ជាក់ថា ចំពោះកិច្ចពិភាក្សាបានរំលេចអំពីសារៈសំខាន់ នៃការកសាងសមត្ថភាព និងនវានុវត្តន៍។ SME ត្រូវទទួលបានការគាំទ្រ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង ការចាប់យកបច្ចេកវិទ្យាថ្មីៗ ការពង្រឹងយុទ្ធសាស្ត្រទីផ្សារ និងការធ្វើសមាហរណកម្មឱ្យមានប្រសិទ្ធភាពកាន់តែខ្លាំងក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក តំបន់ និងពិភពលោក។ ក្នុងន័យនេះ កិច្ចសហការរវាងស្ថាប័នរដ្ឋ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សមាគមអាជីវកម្ម គ្រឹះស្ថានអប់រំ និងដៃគូអភិវឌ្ឍន៍នានា មានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការពង្រឹងសហថាមភាព សម្រាប់រួមគ្នាគាំទ្រការរីកចម្រើនរបស់ SME៕