អ្នកជំនាញក្នុងវិស័យធនាគារ ប្រាប់ពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះតំណភ្ជាប់ (Link) ស្នើកម្ចីឌីជីថល ​ដែលជនឆបោកក្លែងបន្លំ ដើម្បីឈានគ្រប់គ្រងគណនីធនាគាររបស់យើងបាន (Video inside)

28-12-2025 09:09

(ភ្នំពេញ)៖ លោក គ្រុយ ប៊ុនលាប នាយកគ្រប់គ្រងផ្នែកធានាប្រាក់ចំណូលនៃធនាគារវីង បានប្រាប់ពលរដ្ឋឱ្យប្រុងប្រយ័ត្ន ចំពោះតំណភ្ជាប់ (Link) ស្នើកម្ចីឌីជីថល ​ដែលជនឆបោកក្លែងបន្លំ ដើម្បីឈានគ្រប់គ្រងគណនីធនាគាររបស់យើងបាន ដូច្នេះមេត្តាសូមប្រុងប្រយ័ត្ន។

ការលើកឡើងរបស់លោក គ្រុយ ប៊ុនលាប ធ្វើឡើងក្នុងកម្មវិធីជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ឥទ្ធិពល​នៃ​ទំនាក់ទំន​ងលើ​ការ​ជួល-លក់គណនីធនាគារ លើ​ការ​ផ្ដល់​ប្រាក់កម្ចី​​ឌីជីថលនៅ​កម្ពុជា»

លោក លោក គ្រុយ ប៊ុនលាប បានថ្លែងឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋគួរតែបែងចែកឲ្យដាច់ ព្រមទាំងប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងដឹងជាមុនថា តើតំណភ្ជាប់ (Link) ដែលគេផ្ញើរមកកាន់បងប្អូនមកពីណា? អ្នកណាអ្នកផ្ញើរមក? តើតំណភ្ជាប់ (Link) មានប្រភពមកពីណា? ត្រូវដឹងជាមុនសិនមុននឹងចុចតំណភ្ជាប់ (Link) ទាំងនោះក៏ព្រោះថា តំណភ្ជាប់ (Link) បោកបញ្ឆោតទាំងនេះ តែងតែប្រើប្រាស់គំរូដូចបេះបិទនឹងធនាគារផ្លូវការ ដែលយើងមិនអាចមើល ឬបែកចែកដោយភ្នែកទទេបានឡើយ។

លោកបានបន្ថែមថា អ្នកឆបោកនីមួយៗតែងតែមានភាពឆ្លាតវៃ ក្ន​ុងការដឹងអំពីចិត្តសាស្រ្ដរបស់យើង ដូច្នេះពេលដែលយើងផ្ដល់ព័ត៌មានដល់គេ ជាព័ត៌មានដែលអាចឲ្យគេមកគ្រប់គ្រងគណនីរបស់យើងបាន ដែលអាចយកទៅលក់ឲ្យឧក្រឹដ្ឋជនផ្សេងៗបាន។

លោកបានបញ្ជាក់ថា ដើម្បីជាដំណោះស្រាយក៏ដូចជា ការទប់ស្កាត់កុំឲ្យមានបញ្ហាទាំងនេះ ចំពោះបងប្អូនដែលមានការចាំបាច់ សូមមេត្តាទៅដល់ទីតាំងរបស់ធនាគារដោយផ្ទាល់ ឬចូលទៅកាន់អេបសុវត្ថិភាពរបស់ធនាគារណាមួយ កុំចុចតំណភ្ជាប់ (Link) ផ្ដេសផ្ដាសលើបណ្ដាញសង្គមនានា៕