យល់ដឹងពីជំនួញ៖ អ្នកជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ច លើកទឹកចិត្តឱ្យឧកញ៉ាៗ វិនិយោគលើវិស័យកសិកម្ម និងកែច្នៃកសិផល និងជំរុញពិពិធកម្មផលិតកម្ម ដោយប្រើប្រាស់វត្ថុធាតុដើមឱ្យអស់លទ្ធភាព (Video inside)

28-12-2025 13:16

(ភ្នំពេញ)៖ ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចឱ្យរឹងមាំ អ្នកជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ច លោកស្រីបណ្ឌិត ព្រុំ ទេវី បានលើកទឹកចិត្តឱ្យឧកញ៉ាៗ ដែលមានធនធានច្រើន បង្វែពីការវិនិយោគរយៈពេលខ្លី មកវិនិយោគលើវិស័យកសិកម្ម និងកែច្នៃកសិផល ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងជួយដល់ការដាំដុះក្នុងស្រុក។

លោកស្រីកត់សម្គាល់ថា ទំនិញដែលនាំចូលពីបណ្តាប្រទេសមួយចំនួន ដាក់លក់នៅលើទី ជាពិសេសម្ហូបអាហារ កម្ពុជាក៏អាចកែច្នៃបាន ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ប៉ុន្តែវិនិយោគអ្វីដែលសំខាន់គឺខ្វះការវិនិយោគ។

លោកស្រីលើកឡើងថា« បើយើងមានលទ្ធភាពកែច្នៃ ហេតុអ្វីចាំបាច់ត្រូវនាំចូលទំនិញពីគេ ដែលបូកជាមួយថ្លៃដឹកជញ្ជូន?»

ដូច្នេះលោកស្រី ចង់ឱ្យឧកញ៉ាៗ ដែលមានធនធានច្រើន បង្វែពីការវិនិយោគរយៈពេលខ្លី លើវិស័យសេវាកម្ម មកវិនិយោគលើវិស័យកសិកម្ម និងកែច្នៃកសិផល ហើយជំរុញពិពិធកម្មផលិតកម្ម ដោយប្រើប្រាស់វត្ថុធាតុដើមឱ្យអស់លទ្ធភាព។

លោកស្រីមានប្រសាសន៍ ប្រសិនបើអ្នកវិនិយោគក្នុងស្រុកវិនិយោគ លើវិស័យទាំងនេះ នឹងផ្តល់ផលចំណេញដល់សេដ្ឋកិច្ចជាង វិនិយោគបរទេស ផ្តល់ការងារយូរអង្វែងដល់ប្រជាពលរដ្ឋខ្មែរ និងផ្តល់ប្រយោជន៍ដល់ប្រជាកសិករ ខណៈវិនិយោគិនបរទេសដែលមកពីក្រៅស្រុកគេនឹងងាយដកខ្លួន នៅពេលជួបបញ្ហា៕