កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន ត្រូវបានលើកយកទៅផ្សព្វផ្សាយ ក្នុងវេទិកា ស្តីពី ការជំរុញវិនិយោគលើវិស័យកាហ្វេ ការចែករំលែកបច្ចេកទេសដាំ និងការកែច្នៃកាហ្វេ

29-12-2025 08:37

(ភ្នំពេញ)៖ លោក ស៊ឹម វីរៈ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាកឦសាន (ក.វ.ឦសាន) នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ បានចូលរួមជាវាគ្មិន និង ធ្វើបទបង្ហាញអំពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ក្នុងវេទិកាស្តីពី «ការជំរុញវិនិយោគលើវិស័យកាហ្វេ ការចែករំលែកបច្ចេកទេសដាំ និង ការកែច្នៃកាហ្វេ» ក្រោមអធិបតីភាពរបស់មបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី ២ ព្រឹទ្ធសភា។

វេទិកានេះ ត្រូវបានសហការរៀបចំឡើង ដោយសមាគមកាហ្វេកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ក្នុងគោលបំណងលើកកម្ពស់ ចំណាប់អារម្មណ៍ជារួមរបស់សាធារណជន លើការអភិវឌ្ឍវិស័យកាហ្វេ និងការបង្កើតជាវេទិកា ដែលអាចតភ្ជាប់ រវាងអ្នកដាំដុះកាហ្វេ វិនិយោគិន ស្ថាប័នហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាសិស្សនិស្សិត និង អ្នកសិក្សាស្រាវជ្រាវ។ វេទិកានេះ មានការចូលរួមពី អ្នកដាំដុះកាហ្វេ វិនិយោគិនជាតិ និងអន្តរជាតិ មន្ត្រីរាជការ សិស្សនិស្សិត សរុបប្រមាណ ២៥០ នាក់។

តាមរយៈវេទិកានេះ មានការធ្វើបទបង្ហាញ ការចែករំលែក និង វេទិកាសំណួរចម្លើយ ដែលផ្តោតសំខាន់ទៅលើ គោលនយោបាយគាំទ្រពីសំណក់រាជរដ្ឋាភិបាល តម្លៃសេដ្ឋកិច្ចនៃដំណាំកាហ្វេ សក្តានុពលតម្រូវការទីផ្សារ និង បច្ចេកទេសដាំដុះ កែច្នៃ ប្រកបដោយប្រសិទ្ធភាព។

ថ្លែងក្នុងវេទិកានេះ, លោកអនុប្រធានទី ២ ព្រឹទ្ធសភា បានលើកទឹកចិត្តឱ្យវិនិយោគិន និងសិស្សនិស្សិត ផ្តល់ការយកចិត្តទុកដាក់ លើវិស័យដាំដុះ និង កែច្នៃកាហ្វេ ដោយហេតុថាដំណាំនេះ មានតម្រូវការខ្ពស់ ទាំងក្នុងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ។ ទន្ទឹមនេះ, តម្លៃកាហ្វេ ក៏មានការកើនឡើងជាលំដាប់ ដោយសារកត្តាការប្រែប្រួលអាកាសធាតុ ដែលបានធ្វើឱ្យផលិតកម្មកាហ្វេ នៅប្រទេសផលិតកាហ្វេធំៗធ្លាក់ចុះ។

លោកអនុប្រធានទី ២ ព្រឹទ្ធសភា បានសម្តែងបំណងប្រាថ្នាចង់ធ្វើឱ្យខេត្តមណ្ឌលគិរី ក្លាយជាមជ្ឈមណ្ឌលនៃការផលិតកាហ្វេរបស់កម្ពុជា ព្រោះថា ខេត្តមណ្ឌលគិរីមានដីប្រកបដោយជីជាតិ ស័ក្តិសមសម្រាប់ការដាំដុះកាហ្វេ, ហើយរសជាតិកាហ្វេទៀតសោត ក៏មានសក្តានុពល ដែលអាចបង្កើតជាផលិតផលអត្តសញ្ញាណពិសេស សម្រាប់បង្កើតជាកាហ្វេឯកទេស (specialty coffee) ដែលមានតម្លៃបន្ថែមខ្ពស់ សម្រាប់ផ្គត់ផ្គង់ទីផ្សារ ទាំងក្នុងស្រុក និងក្រៅប្រទេស ។

តាមរយៈបទបង្ហាញអំពីកម្មវិធីពិសេស, លោក ស៊ឹម វីរៈ ប្រធានលេខាធិការដ្ឋាន ក.វ.ឦសាន បានគូសរំលេចអំពីការគាំទ្ររបស់រាជរដ្ឋាភិបាល សម្រាប់វិស័យឯកជន ក្នុងវិស័យអាទិភាពទាំង ៣ គឺ កសិកម្ម, កសិ-ឧស្សាហកម្ម, និង ទេសចរណ៍ ក្នុងខេត្តទាំង ៤ នៃភូមិភាគឦសាន រួមមាន ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តក្រចេះ និង ខេត្តស្ទឹងត្រែង។

លោកប្រធានលេខាធិការដ្ឋាន បានគូសបញ្ជាក់អំពីអត្ថប្រយោជន៍ដ៏ច្រើនលើសលុប ដែលរាជរដ្ឋាភិបាល អាចផ្តល់ជូនវិស័យឯកជន ក្នុងការគាំទ្រគម្រោងវិនិយោគ តាមរយៈ វិធានការគាំទ្រ និង ជំរុញការវិនិយោគ ៣ ប្រភេទ រួមមាន៖ ទី១. វិធានការផ្នែកពន្ធដារ និង ពន្ធគយ, ទី២. ការផ្តល់ហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យ និង ទី៣. ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួលនីតិវិធី និង ការគាំទ្រសកម្មភាពវិនិយោគរបស់វិស័យឯកជន។

លោកប្រធានលេខាធិការដ្ឋាន បានសង្កត់ធ្ងន់បន្ថែមថា តួនាទីរបស់ ក.វ.ឦសាន គឺមិនត្រឹមតែផ្តល់ការលើកទឹកចិត្ត និងការសម្របសម្រួល ចំពោះគម្រោងដែលបានដាក់ពាក្យស្នើមក ក.វ.ឦសាន នោះទេ, ប៉ុន្តែ ក្រុមការងារ ក៏មានតួនាទីស្តាប់នូវរាល់កង្វល់ ព្រមទាំងសម្របសម្រួលផ្តល់ដំណោះស្រាយ ជូនវិនិយោគិនដែលបាន និងកំពុងមានសកម្មភាពវិនិយោគជាក់ស្តែង នៅភូមិភាគឦសានផងដែរ ដោយអនុវត្តតាមយន្តការ «ច្រកចេញចូលតែមួយ» ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដោយមានការចូលរួមសម្រេចចិត្តរួមគ្នា ប្រកបដោយប្រសិទ្ធភាព និង តម្លាភាព ចាប់តាំងពីដំណាក់កាលពិនិត្យ និង អនុម័តលើកទឹកចិត្តពិសេស ជូនគម្រោងវិនិយោគ, ការផ្តល់លិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណនានា ជាកញ្ចប់, ទន្ទឹមនឹងការផ្តល់ការគាំទ្រផ្សេងៗ នៅដំណាក់កាលអនុវត្តគម្រោង ដើម្បីធានាថាគម្រោងវិនិយោគទាំងនេះ អាចអនុវត្តបាន ដោយរលូន និង ទទួលបានការលើកទឹកចិត្តពិតប្រាកដ។

ជាចុងក្រោយ លោក ស៊ឹម វីរៈ ប្រធានលេខាធិការដ្ឋាន បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ ក្នុងការចូលរួមផ្សព្វផ្សាយបន្ត អំពីកម្មវិធីពិសេសនេះ ឱ្យបានទូលំទូលាយ ដើម្បីឱ្យវិនិយោគិន អាចទទួលបានព័ត៌មាន និង ចាប់យកអត្ថប្រយោជន៍ ពីកម្មវិធីជំរុញការវិនិយោគដ៏ពិសេសនេះ៕