ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង អំពាវនាវឱ្យប្រជាពលរដ្ឋបន្តគាំទ្រផលិតផលក្នុងស្រុក ខណៈអ្នកផលិតក្នុងកំពុងបង្កើតផលិតថ្មីៗជាបណ្តើរ

29-12-2025 13:13

(បាត់ដំបង)៖ អ្នកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានបន្តអំពាវនាវដល់​បងប្អូនប្រជាពលរដ្ឋខ្មែរ បន្តគាំំទ្រផលិតផលដែលក្នុងស្រុក ដើម្បីគាំទ្រដល់សេដ្ឋកិច្ចជាតិ និងជំរុញលើកទឹកចិត្តឱ្យអ្នកផលិតក្នុងស្រុក មានកម្លាំងក្នុងការខិតខំប្រឹងប្រែងផលិតផលថ្មីៗបន្ថែមទៀត។​

ការអំពាវនាវរបស់ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបងរូបនេះ ធ្វើឡើងក្នុងឱកាសដែលរូបលោក អញ្ជើញចូលរួមសម្ភោធរោងសិប្បកម្មថ្មី និងផលិតផលថ្មីរបស់សហគ្រាស ជេ អឹម អិល អេច របស់លោកស្រីសេង សំណាង ដែលផលិតម្សៅស៊ុបជាតិ ដែលសមិទ្ធផលថ្មី ប្រចាំខេត្តបាត់ដំបង។

អ្នកឧកញ៉ា ភួ វាសនា បានលើកឡើងថា «ក្នុងស្ថានភាពបច្ចុប្បន្ននេះ ផលិតករក្នុងស្រុករបស់យើងបាន និងកំពុងខិតខំពង្រឹងអ្វីដែលយើងខ្វះខាតកន្លងមក ឱ្យរឹតតែខ្លាំងឡើងៗ ដោយបង្កើនការផលិត ពង្រឹងគុណភាព សុវត្ថិភាព និងតម្លៃប្រកួតប្រជែង ដូច្នេះសូមឱ្យប្រជាពលរដ្ឋបន្តគាំទ្រផលិតផលរបស់ខ្មែរជារៀងរហូត»។

សហគ្រាស ជេ អឹម អិល អេច បានលើកឡើងថា បងៗកងទ័ពឈរជើងការពារជួរមុខ ពួកយើងឈរជើងការពារជួរក្រោយ បង្កើនសម្ថតភាព ពង្រឹងសេដ្ឋកិច្ច សាមគ្គីគ្នាជួយជាកំលាំងដើម្បីការពារប្រទេស។ សហគ្រាស ជេអឹមអិលអេច បានបញ្ចប់បេសកកម្មដ៏ធំមួយ គឺពង្រីកទីតាំងផលិត ដើម្បីបង្កើនការផលិត និងបញ្ចប់ការស្រាវជ្រាវផលិតផលថ្មី ហៅថាម្សៅស៊ុបចុងភៅ ចាប់ផ្តើមបើកសម្ភោធជាផ្លូវការនៅថ្ងៃនេះ៕