សមាគមមគ្គុទ្ទេសក៍ថា ភ្ញៀវទេសចរឥណ្ឌា មកទស្សនានៅខេត្តសៀមរាប មាននិន្នាការកើនឡើង និងស្នើឱ្យកែលម្អហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន ដើម្បីទាក់ទាញបន្ថែម
29-12-2025 16:51
(ភ្នំពេញ)៖ អ្នកជំនាញទេសចរណ៍ ចង់ឱ្យមានកែលម្អហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដើម្បីចាប់ឱកាសទាក់ទាញទេសចរឥណ្ឌាមកកម្សាន្ត នៅកម្ពុជាឱ្យបានកាន់តែច្រើន ខណៈបច្ចុប្បន្ននេះទេសចរឥណ្ឌានិន្នាការកើនឡើងច្រើន ក្នុងចំណោមភ្ញៀវអាស៊ីមកទស្សនាប្រាសាទអង្គរ និងតំបន់ប្រវត្តិសាស្រ្តនានា។
លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍អង្គរខេត្តសៀមរាប បានកត់សម្គាល់ថា ភ្ញៀវទេសចរឥណ្ឌា បានបង្ហាញសន្ទុះកើនឡើងច្រើន ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បើធៀបនឹងភ្ញៀវទេសចរមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី ដូចជា ចិន កូរ៉េ ហ្វីលីពិន វៀតណាម។
លោកសង្ឃឹមថា កំណើនភ្ញៀវទេសចរឥណ្ឌា នឹងកើនឡើងថែមទៀតនៅឆ្នាំក្រោយ ស្របពេលដែលកម្ពុជាបានតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុង Kolkata មកខេត្តសៀមរាប។ ជាមួយគ្នានេះ ប្រជាពលរដ្ឋឥណ្ឌា ហាក់ស្គាល់ពីកម្ពុជាច្រើន បន្ទាប់ពីថៃបានបំផ្លាញទេវរូបព្រះវិស្ណុនៅតំបន់អានសេះ ដែលនាំឱ្យប្រជាជនឥណ្ឌាផ្ទុះកំហឹង និងឈឺចាប់ចំពោះទង្វើរបស់ថៃ ដែលអាចធ្វើឱ្យទេសចរឥណ្ឌា បង្វែរមកកម្សាន្តនៅកម្ពុជាច្រើននៅពេលខាងមុខ។
លោកបានឱ្យដឹងថា ភាគច្រើនភ្ញៀវទេសចរឥណ្ឌាចូលចិត្តដើរទស្សនានៅប្រាសាទអង្គរវត្ត និងភ្នំគូលែន។
អ្នកមគ្គុទ្ទេសក៍ទេសចរណ៍រូបនេះបានលើកឡើងថា ដើម្បីបន្តទាក់ទាញទេសចរឥណ្ឌាបន្ថែមទៀត កម្ពុជាគួរតែលម្អបន្ថែមថា ដូចជា នៅតាមសួនច្បារ ឬរង្វង់មូល គួរដំឡើងរូបសំណាក់អាទិទេពសាសនាព្រហ្មញ្ញ។ លើសពីនេះ ផ្លូវទៅទស្សនានៅភ្នំគូលែនគួរតែរៀបចំឱ្យកាន់តែស្អាតជាងបច្ចុប្បន្ននេះ ពីព្រោះភ្ញៀវឥណ្ឌាភាគច្រើនចូលចិត្តទៅទស្សនា ភ្នំគូលែន បន្ទាប់ពីចូលទស្សនាប្រាសាទអង្គរវត្តរួច។
ចំណែកបន្ទប់ទឹកនៅលើភ្នំគូលែនគួររៀបចំឱ្យមានឱ្យដូចស្តង់ដារ នៅតាមប្រាសាទនានា ដោយសារបច្ចុប្បន្ននេះ ភាគច្រើនភ្ញៀវទេសចរភាគច្រើនប្រើប្រាស់បន្ទប់ទឹ កនៅតាមផ្ទះអ្នកភូមិ និងវត្តអារាម។ បន្ថែមពីនេះ អាជ្ញាធរគួរតែរៀបចំផ្លូវដើរតាមដងស្ទឹងលិង្គមួយពាន់ ឱ្យកាន់តែប្រសើរជាងមុនផងដែរ ព្រោះភ្ញៀវឥណ្ឌា ចូលចិត្តដើរកម្សាន្តតាមដងស្ទឹងនេះ។
ដោយកម្ពុជាជាតំបន់ទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រដ៏ស្រស់ស្អាត និងពោរពេញទៅវត្ថុ និងរូបបដិមាសាសនាព្រហ្មញ្ញ លោកដាក់ក្តីរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរឥណ្ឌបានកាន់តែច្រើន។
សូមជម្រាបផងដែរ កម្ពុជាបានដាក់ចេញយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤» ដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជាក្នុងទីផ្សារឥណ្ឌា។ ហើយកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រុមហ៊ុនអាកាសចរណ៍របស់ឥណ្ឌា IndiGo Airlines បានតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុង Kolkata មកខេត្តសៀមរាប។ ជើងហោះហើរត្រង់ពី Kolkata មកសៀមរាប មាន៣ជើង ក្នុងមួយសប្ដាហ៍។ កាលពីឆ្នាំ២០២៤ កម្ពុជា ទទួលបានភ្ញៀវទេសចរឥណ្ឌាប្រមាណ៨ម៉ឺននាក់ តិចជាង១% នៃចំនួនភ្ញៀវទេសចរបរទេសសរុប៕






