កម្ពុជាចំណាយទឹកប្រាក់ជិត១ ពាន់លានដុល្លារ នាំចូលរថយន្ដប្រភេទទេសចរណ៍ កើនជិត ៦០% (Video inside)
31-12-2025 16:42
(ភ្នំពេញ)៖ ក្នុងរយៈពេល១១ខែ ពោលចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រទេសកម្ពុជាបានចំណាយទឹកប្រាក់ ជិត១ពាន់លានដុល្លារអាមេរិក ក្នុងការនាំចូលរថយន្ដទេសចរណ៍ ដើម្បីយកមកបំពេញតម្រូវការ របស់ប្រជាពលរដ្ឋ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ក្នុងរបាយការណ៍បានបញ្ជាក់ថា រយៈពេល១១ខែ ឆ្នាំ២០២៥ កម្ពុជាចំណាយទឹកប្រាក់ ៩៧១លានដុល្លារ ក្នុងការនាំចូលរថយន្ដទេសចរណ៍ មានការកើនឡើង៥៨.៤៨% ស្មើនឹងទឹកប្រាក់ប្រមាណ៣៥៨លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៤ មានចំនួនប្រមាណ ៦១២លានដុល្លារ។
ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥ កម្ពុជាក៏បានចំណាយទឹកប្រាក់ ក្នុងការនាំចូលគ្រឿងបន្លាស់រថយន្ដ ប្រមាណ៣០៦លានដុល្លារ មានការកើនឡើង២១៥.៣០% ស្មើនឹងទឹកប្រាក់ប្រមាណ២០៩លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៤ មានចំនួនត្រឹមតែ ៩៧លានដុល្លារ។
ជាមួយគ្នានេះ នៅរយៈពេល១១ខែ ឆ្នាំ២០២៥ កម្ពុជាបាននាំចូលរថយន្ដដឹកទំនិញ ក្នុងទំហំទឹកប្រាក់ចំនួន១៣៩លានដុល្លារ មានការកើនឡើង ២៥.៤៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០២៤ មានចំនួន១១០លានដុល្លារ និងនាំចូលរថយន្ដដឹកនាំអ្នកដំណើរ ក្នុងទំហំទឹកប្រាក់ ចំនួន៥៨លានដុល្លារ៕




