ប្រធានសមាគមទេសចរណ៍កម្ពុជា ចង់ឱ្យរាជរដ្ឋាភិបាលពិចារណា លើកលែងទិដ្ឋាការចំពោះភ្ញៀវឥណ្ឌា ដូចចិនដែរ (Video inside)
02-01-2026 13:19
(ភ្នំពេញ)៖ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានថ្លែងឲ្យដឹងថា បច្ចុប្បន្ននេះភ្ញៀវទេសចរឥណ្ឌា បានសម្រុកមកធ្វើដំណើរកំសាន្ដ នៅកម្ពុជាយ៉ាងច្រើនកុះករ ដូច្នេះដើម្បីរក្សាភ្ញៀវទេសចរឥណ្ឌា ក៏ដូចជាទាក់ទាញភ្ញៀវទេសចរសមាគមទេសចរណ៍កម្ពុជា ចង់ឱ្យរដ្ឋាភិបាលពិចារណា លើកលែងទិដ្ឋាការ ចំពោះភ្ញៀវឥណ្ឌាដូចទេសចរចិនដែរ។
ការលើកឡើងរបស់លោកស្រី ឆាយ ស៊ីវលីន ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ការពង្រីកជម្រើស ចាប់យកភ្ញៀវទេសចរឥណ្ឌា មកកម្ពុជាកាន់តែច្រើន»។
លោកស្រី ឆាយ ស៊ីវលីន បានថ្លែងឲ្យដឹងថា ដើម្បីទាកទាញភ្ញៀវទេសចរឥណ្ឌាឲ្យដូចជាទេសចរចិន ទិដ្ឋាការពិតជាជាចំណុចសំខាន់ណាស់ ក្នុងការទាកទាញទេសចរ ចំពោះការស្នើសុំទិដ្ឋាការតាមរយៈអនឡាញ ឬការមកដល់ផ្ទាល់តាមព្រលានយន្ដហោះ គឺទាមទារពេលវេលា និងឯកសារមួយចំនួន ដែលនាំឲ្យភ្ញៀវមានអារម្មណ៍ថា ស្មុគស្មាញជាខ្លាំង ដូច្នេះប្រសិនបើកម្ពុជាអាចលើកលែងទិដ្ឋាការ ចំពោះភ្ញៀវឥណ្ឌាដូចភ្ញៀវចិនដែរវាជារឿងល្អ។
លោកស្រីបានបញ្ជាក់ថា ចំណុចនេះជារឿងដ៏ល្អ និងជាគន្លឹះក្នុងការទាកទាញភ្ញៀវទេសចរឥណ្ឌាបាន និងទាក់ទាញបានជារៀងរហូត។ ដើម្បីជាការចង់ដឹងថា ការលើកលែងទិដ្ឋាការចំពោះភ្ញៀវឥណ្ឌាមានកម្រិតណា យើងអាចសាកល្បងបានដោយប្រើប្រាស់ចន្លោះ៤ខែ ឬ៦ខែ ដូច្នេះនៅពេលដែលភ្ញៀវចូលមកដល់កម្ពុជាឃើញថា ទទួលបានផលប្រយោជន៍ច្រើន ដូច្នេះពួកគាត់នឹងផ្សព្វផ្សាយបន្ដ ទៅដល់ទេសចរផ្សេងទៀត ក្នុងការធ្វើដំណើរមកកាន់កម្ពុជា៕






