ឆ្នាំ២០២៥ ទីផ្សាររថយន្ដថ្មីនៅកម្ពុជា បន្ដកើនឡើងប្រមាណ៥៥% ខណៈ ១១ខែឆ្នាំ២០២៥ ទឹកប្រាក់ជិត១ពាន់លានដុល្លារ ត្រូវបានចំណាយសម្រាប់នាំចូលរថយន្តប្រភេទទេសចរណ៍

02-01-2026 15:25

(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៥ ទីផ្សាររថយន្ដថ្មី នៅក្នុងប្រទេសកម្ពុជា បន្ដកើនឡើងប្រមាណ៥៥% ខណៈរថយន្តជជុះ ថយចុះមកត្រឹម៤៥%ប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក សឿន ដារ៉ា នាយកប្រតិបត្ដិសហព័ន្ធឧស្សាហកម្មយានយន្ដកម្ពុជា (CAIF) ប្រាប់មកបណ្ដាញព័ត៌មាន Fresh News។

លោក សឿន ដារ៉ា បានបញ្ជាក់ថា «ក្នុងឆ្នាំ២០២៥នេះ រថយន្តថ្មីបន្តកើនឡើង បានគ្រប់គ្រងចំណែកទីផ្សារប្រមាណ៥៥% ដោយឡែករថយន្តជជុះថយចុះមកត្រឹម៤៥% ភាគរយប៉ុណ្ណោះ។ រថយន្តជជុះ នឹងបន្តថយចុះបន្តទៀត ដោយសារតំលៃរថយន្តថ្មី ទាំងនាំចូល និងដំឡើងក្នុងស្រុក ហាក់មានតម្លៃទាប ប្រហាក់ប្រហែលរថយន្តជជុះ»។

បើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, ក្នុងរយៈពេល១១ខែ ពោលចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រទេសកម្ពុជា បានចំណាយទឹកប្រាក់ ៩៧១ លានដុល្លារអាមេរិក ក្នុងការនាំចូលរថយន្ដទេសចរណ៍ ដើម្បីយកមកបំពេញតម្រូវការ របស់ប្រជាពលរដ្ឋ។

លោក សឿន ដារ៉ា បានប្រាប់ថា រថយន្តដែលនាំចូលភាគច្រើន ជារថយន្តលក្ខណៈគ្រួសារទាំងខ្នាតតូច និងមធ្យម ប្រភេទ Sedan និង SUV ព្រមទាំងរថយន្តដឹកជញ្ជូនប្រភេទ MPV ផងដែរ ដែលការនាំចូលហក់ឡើងខ្លាំង នៅក្នុងឆ្នាំ២០២៥។

អ្វីដែលគួរឲ្យកត់សម្គាល់ ការកើននៃការប្រើប្រាស់រថយន្តអគ្គិសនី ដែលកើនឡើងប្រហែលទ្វេរដង ធៀបទៅនឹងឆ្នាំ២០២៤ ក្រៅពីនោះ ក៏មានរថយន្តប្រភេទ Hybrid ក៏កើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។ នេះជាការបញ្ជាក់បន្ថែម រ​បស់នាយកប្រតិបត្ដិសហព័ន្ធឧស្សាហកម្មយានយន្ដកម្ពុជា។

ទន្ទឹមគ្នានេះ លោក សឿន ដារ៉ា បានលើកឡើងថា ការកើនឡើង ការនាំចូលរថយន្ដមកកម្ពុជានេះ ដោយសារកត្ដាចម្បងចំនួន៣រួមមាន៖

ទី១៖ តម្រូវការនៃការប្រើប្រាស់រថយន្តប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋមានការកើនឡើង។
ទី២៖ តម្រូវការផ្នែកដឹកជញ្ជូនរបស់ក្រុមហ៊ុន សហគ្រាសតូច-ធំ និងការពង្រីកអាជីវកម្មកើនឡើងច្រើន។
ទី៣៖ ទន្ទឹមនឹងចំណូលប្រជាពលរដ្ឋបានកើនឡើង ដែលនាំឲ្យតម្រូវការនៃការប្រើប្រាស់រថយន្តថ្មី ក្នុងឆ្នាំ២០២៥កើនឡើង៕