កម្ពុជានាំចេញអង្ករបាន ៩៤ម៉ឺនតោន ទទួលចំណូលបាន ៦០២លានដុល្លារ នៅឆ្នាំ២០២៥

05-01-2026 16:55

(ភ្នំពេញ)៖ អាចចាត់ទុកជាកំណត់ត្រា​ប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជា ដោយនៅឆ្នាំ២០២៥ កម្ពុជាអាចនាំចេញអង្ករបានរហូតដល់ជាង ៩៤ម៉ឺនតោន កើនឡើងជាង ៤៥ភាគរយ បើធៀប​នឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ មានត្រឹមតែ ៦៤ម៉ឺនតោនប៉ុណ្ណោះ។

សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា នៅឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ៩៤០ ៣២១ តោន គិតជាទឹកប្រាក់បានចំនួន ៦០២.៤១លានដុល្លារសហរដ្ឋអាមេរិក

បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា កម្ពុជាបាននាំចេញអង្ករជាង ៩៤ម៉ឺនតោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៧៥ ដែលក្នុងនោះ រួមមាន៖

* ទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៨ បានបរិមាណអង្ករចំនួន ៣៣៩ ៤១៧ តោន គិតជាទឹកប្រាក់ចំនួន ២៥៨.២៨ លានដុល្លារសហរដ្ឋអាមេរិក
* ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ២៣១ ១២៥ តោន គិតជាទឹកប្រាក់ចំនួន ១៣៨.៣៦ លានដុល្លារសហរដ្ឋអាមេរិក
* ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៨ប្រទេសបានបរិមាណចំនួន ២៧៣ ៦៥៧ តោន គិតជាទឹកប្រាក់ចំនួន ១១៧.៦២ លានដុល្លារសហរដ្ឋអាមេរិក
* និងទៅកាន់គោលដៅ ៣៧ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន -ល- បានចំនួន ៩៦ ១២២តោន គិតជាទឹកប្រាក់ចំនួន ៨៨.១៥ លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករ ដែលបាននាំចេញមានអង្ករក្រអូបចំនួន ៦៤.០២% ប្រភេទអង្ករសគ្រាប់វែង ១៣.៧១% អង្ករចំហុយ ២% អង្ករសរីរាង្គចំនួន ១.៣២% អង្ករបាក់គ្រប់ប្រភេទ ១៨.៥៦% និងអង្ករផ្សេងៗចំនួន ០.៣៩%។

ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវចំនួន ៦ ៨៥៩ ៩៣០ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន ១ ៥៧៩.៨៦ លានដុល្លារសហរដ្ឋអាមេរិក។

គូសបញ្ជក់ផងដែរថា ការនាំចេញអង្ករ មានកំណើនសរុបចំនួន ៤៥.៥៩% និងការនាំចេញស្រូវ មានកំណើតសរុបចំនួន ៣២.៤៣% ធៀបទៅរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕