រាជរដ្ឋាភិបាល អនុញ្ញាតឱ្យកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែភ្នំពេញ ខ្ចីប្រាក់ប្រមាណ ២៦លានដុល្លារ ចូលរួមសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ
05-01-2026 17:00
(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលបានអនុម័តឲ្យឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ខ្ចីប្រាក់ប្រមាណ ១០៧ ៣៥៧លានរៀល ប្រហែល ២៦លានដុល្លារ ដើម្បីចូលរួមសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ជាមួយក្រុមហ៊ុនហ្វូណនតេជោ ខូសថល អ៊ុនឡេន វីរធើវេយ ឯ.ក។
ច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ២០២៦ ដែលទើបបានប្រកាសដាក់ឱ្យប្រើនាពេលថ្មីៗនេះ បានបញ្ជាក់ថា «សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ អនុម័តយល់ព្រមឱ្យរាជរដ្ឋាភិបាល ឱ្យកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ខ្ចីនូវទឹកប្រាក់ចំនួន១០៧ ៣៥៧លានរៀល ក្រោមក្របខ័ណ្ឌការផ្តល់ឥណទានរបស់រដ្ឋ សម្រាប់ការចូលទុនក្នុងក្រុមហ៊ុនហ្វូណនតេជោ ខូសថល អ៊ុនឡេន វីរធើវេយ ឯ.ក»។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដឹកជញ្ជូនផ្លូវទឹក តភ្ជាប់រវាងទន្លេ និងសមុទ្រដ៏មានសក្តានុពលមួយរបស់កម្ពុជា។ គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។
ព្រែកជីកហ្វូណនតេជោ តភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែងជិត ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្រ្តខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
គម្រោងព្រែកជីកនេះនឹងត្រូវសាងសង់ស្ទើរទាំងស្រុង លើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណដែលបានបន្សល់ទុកស្រាប់តាំងពីសម័យអាណាចក្រហ្វូណនមកម្ល៉េះ ក្នុងនោះផ្លូវទឹក ធម្មជាតិដែលមានស្រាប់ មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ផ្លូវទឹកត្រូវជីកតម្រង់កុំឱ្យកោងពេក មានប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីមានប្រវែងប្រមាណ ៧គីឡូម៉ែត្រ ដើម្បីកាត់បន្ថយកំណោង និងកាត់បន្ថយចម្ងាយតភ្ជាប់ទៅកាន់សមុទ្រ។
គម្រោងនេះប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ ខាងមុខ ប្រើប្រាស់ទុនវិនិយោគ សរុបប្រមាណ ១.៧ពាន់លានដុល្លារអាម៉េរិក៕




