ពេញមួយឆ្នាំ២០២៥ កម្ពុជាអនុម័តគម្រោងវិនិយោគ ៦៣០គម្រោង កើន៥២% ក្នុងទំហំទុនវិនិយោគសរុប១០ពាន់លានដុល្លារ
05-01-2026 18:07
(ភ្នំពេញ)៖ ពេញមួយឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ សរុបចំនួន៦៣០គម្រោង កើន៥២% ក្នុងទំហំទុនវិនិយោគសរុប១០ពាន់លានដុល្លារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា «ក្នុងឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក. នៃ ក.អ.ក.) បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែង»។
គម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៣៨៧ និងគម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន២៤៣។
ជាការកត់សម្គាល់ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន២១៦ ស្មើនឹងប្រមាណ ៥២% ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៣ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ ៤៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោង វិនិយោគចំនួន ៤១៤ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៦.៩ប៊ីលានដុល្លារអាម៉េរិក។
សមិទ្ធផលនេះ ជាការបង្កើតកំណត់ត្រាថ្មីមួយទៀត ដែលកាលពីឆ្នាំ២០២៤ ណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្កើតកំណត់ត្រាថ្មីនៃការ ចុះបញ្ជីគម្រោងវិនិយោគម្តងរួចហើយ។
សូមជម្រាបជូនផងដែរថា បន្ថែមពីលើគម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីនៅ គ.វ.ក. នៃ ក.អ.ក. នៅក្នុងឆ្នាំ២០២៥នេះ អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត បានសម្រេចចុះបញ្ជីគម្រោងវិនិយោគ សរុបចំនួន ២២៨គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៧៦៣លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានប្រមាណ១០៦ពាន់កន្លែង៕









