ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្តីពីការបង្កើនសុពលភាពវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា

06-01-2026 20:23

(ភ្នំពេញ)៖ គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» ជូនដំណឹងដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បកម្ម និងសាធារណជន មេត្តាជ្រាបថា ក្នុងគោលបំណងជំរុញ និងសម្រួលដល់ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា ស្របតាមបែបបទ នីតិវិធី និងលក្ខខណ្ឌតម្រូវផ្នែកបច្ចេកទេសលើ ផលិតផល និងសេវាហាឡាលសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា សម្រេចបង្កើនសុពលភាពវិញ្ញាបនបត្រ បញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជាពីរយៈពេល១២ (ដប់ពីរ)ខែ ទៅរយៈពេល២៤ (ម្ភៃបួន) ខែ លើកលែងតែសត្តឃាតដ្ឋានមានរយៈពេល១២ (ដប់ពីរ)ខែ អនុវត្តចាប់ពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នេះតទៅ។

សេចក្តីដូចបានជម្រាបជូនខាងលើសូមលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បកម្ម និងសាធារណជន ជ្រាបជាព័ត៌មាន និងបន្តដាក់ពាក្យស្នើសុំ វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជា តាមនីតិវិធីជាធរមាន។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងនាយកដ្ឋានកិច្ចការហាឡាល តាមរយៈទូរស័ព្ទលេខ +៨៥៥ ០៧១ ៩៦៩ ៣៣៦៣ ឬតាមរយៈប្រព័ន្ធទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ១២៦៦ ឬតាមរយៈអ៉ីម៉ែល៖​ [email protected]