អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បង្ហាញសមិទ្ធផល និងការវិវត្តថ្មីនៃទំនាក់ទំនង​ពាណិជ្ជកម្ម រវាងកម្ពុជាជាមួយបណ្តាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ (Video inside)

09-01-2026 11:53

(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបង្ហាញសមិទ្ធផល និងការវិវត្តថ្មីនៃទំនាក់ទំនងជាពាណិជ្ជកម្មរវាងកម្ពុជា ជាមួយបណ្តាប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ ដើម្បីពង្រីក និងពង្រឹងការ​ធ្វើពាណិជ្ជកម្មពហុភាគី និងទ្វេភាគី និងការបើកទីផ្សារថ្មីៗបន្ថែមទៀត។

ការលើកឡើងរបស់​ លោក ប៉ែន សុវិជាតិ ធ្វើឡើងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម​។

លោក ប៉ែន សុវិជាតិ បានគូសបញ្ជាក់ថា សម្រាប់៖

* ក្របខ័ណ្ឌអាស៊ាន៖ បញ្ចប់នីតិវិធីស្នើសុំការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង និងពិធីសារ ចំនួន៣៖ ១) កិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន, ២)ពិធីសារ ធ្វើវិសោធន កម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល, ៣) ពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន, និង៤) ពិធីសារទីពីរ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន អូស្ត្រាលី នូវែល សេឡង់

- បញ្ចប់ការចរចាកិច្ចព្រមព្រៀង៖ ១) ពិធីសារដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ចិន ៣.០ និង២) ពិធីសារទីពីរ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រម ព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA Upgrade Agreement)

* ក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក៖

- រៀបចំរបាយការណ៍រដ្ឋាភិបាល និងចូលរួមផ្តល់ធាតុចូលលើរបាយការណ៍លេខាធិការដ្ឋាន នៃអង្គការពាណិជ្ជកម្មពិភពលោក អំពីគោលនយោបាយពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មរបស់កម្ពុជាតាំងពីឆ្នាំ២០១៧-២០២៤

- ដឹកនាំគណៈកម្មការអន្តរក្រសួងចូលរួមកិច្ចប្រជុំត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជា លើកទី៣ ដែលបានប្រព្រឹត្តទៅដោយជោគជ័យ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ជាលទ្ធផលប្រទេសជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក បានវាយតម្លៃជាវិជ្ជមាន លើការអនុវត្តគោលនយោបាយពាណិជ្ជកម្មរបស់កម្ពុជា

- ចូលរួមជាប្រទេសគាំទ្រ លើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួមរបស់ស្វីស និងសិង្ហបុរី ស្តីពីការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុនិយម
​​
-បំពេញកាតព្វកិច្ចផ្តល់ព័ត៌មាន​ទៅ WTO ស្តីពី៖ ១) អនុក្រឹត្យស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ២) កិច្ចព្រម ព្រៀង CAM-UAE CEPA និង៣) ការបញ្ចប់វិធានការហាមឃាត់ការនាំចូលជា បណ្តោះអាសន្ន នូវគ្រឿងក្នុង និងបំណែកសាច់បង្កក។

* ក្របខ័ណ្ឌទ្វេភាគីសំខាន់ៗ៖

វៀតណាម៖ ១) ចុះហត្ថលេខាលើ កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរាជរដ្ឋាភិបាល​កម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ២០២៥-២០២៦ ដើម្បីជំរុញគោលដៅនៃការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យដល់ ២០ពាន់លានដុល្លារអាម៉េរិក។ ២) សម្របសម្រួលឱ្យមានការចុះអនុស្សរណៈយោគយល់គ្នាស្តីពីការជំរុញការនាំចេញដំឡូងមីកម្ពុជា ទៅកាន់ប្រទេសវៀតណាម ក្នុងបរិមាណ៩លានតោនក្នុងរយៈពេល ប្រាំឆ្នាំ ហើយឈានទៅដល់ការចុះកិច្ចសន្យា ទិញ-លក់ជាក់ស្តែងរវាងសហព័ន្ធដំឡូងមីកម្ពុជា និងសមាគមផលិតម្សៅមីតៃនីញ ដែល ទទួលទិញដំឡូងមីចំនួន ៦ ៧៩០ ០០០តោន សម្រាប់ក្រុមហ៊ុនកែច្នៃម្សៅមីវៀតណា មចំនួន ១៩ក្រុមហ៊ុន

ចិន៖ ១) ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើកិច្ច ការពាក់ព័ន្ធនឹងការបញ្ចៀស និងការដោះស្រាយវិវាទ ព្រមទាំងសម្របសម្រួលការអភិវឌ្ឍសេវាកម្មពាក់ព័ន្ធនៅក្នុងយុត្តាធិការរៀងៗខ្លួន។ ២) ចូលរួមកិច្ចប្រជុំគណៈកម្មាធិការ ចម្រុះលើកទី២ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាលើ៖ ១. ពាណិជ្ជកម្មទំនិញ ២. ពាណិជ្ជកម្មសេវាកម្ម ៣. នីតិវិធី គយ និងកិច្ចសម្រួលពាណិជ្ជកម្ម ៤. វិធានការអនាម័យ និងភូតគាមអនាម័យ ៥. កិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកវិទ្យា ៦. កិច្ចសហប្រតិបត្តិការវិនិយោគ និង ៧. វិធានដើមកំណើតទំនិញ។

ជប៉ុន៖១) ជំរុញការកែច្នៃ និងនាំចេញស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារជប៉ុន តាមរយៈការ លើកទឹកចិត្តវិស័យឯកជន ឱ្យបន្តកែច្នៃនិងនាំចូលផលិតផលនេះសម្រាប់ដាក់លក់នៅទី ផ្សារលក់រាយ (Family Mart) ជាច្រើនទីតាំងរបស់ប្រទេសជប៉ុន។ ២) ជួបពិភាក្សា ជាមួយក្រុមហ៊ុន Toyota Tsusho Corporation ដែលបានមកបណ្តាក់ទុនវិនិយោគ រោងចក្រដំឡើងរថយន្តនៅកម្ពុជា ក្នុងគោលដៅជំរុញការអភិវឌ្ឍជំនាញវិស័យមេកានិក តាមរយៈការផ្ទេរបច្ចេកវិទ្យាដល់ពលករជំនាញកម្ពុជា។

សាធារណរដ្ឋកូរ៉េ៖ ១) ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដើម្បីបង្កើតកម្មវិធីការងារ និងកំណត់យន្តការសម្រាប់ អនុវត្តកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែមានប្រសិទ្ធភាព។ ២) បើក​ព្រឹត្តិការណ៍ពិព័រណ៍ការបង្ហាញម៉ាកសញ្ញាកូរ៉េ និងការសម្តែងសិល្បៈកូរ៉េឆ្នាំ២០២៥ នៅកម្ពុជា ដែលព្រឹត្តិការណ៍នេះដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-កូរ៉េ និងការបង្កើនទំនាក់ទំនងរវាងប្រជាជននិង ប្រជាជន។

អាមេរិក៖ ១) ចូលរួមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក បន្ទាប់ពីកិច្ចប្រជុំយ៉ាងស្វិតស្វាញ ជាលទ្ធផលកម្ពុជាអាចសម្រេចបានដោយ ជោគជ័យទទួលបានអត្រាពន្ធគយបដិការត្រឹម ១៩% ដែលកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និងលោក ដូណាល់ ត្រាំ (Donald J. Trump) ប្រធានាធិបតីសហរដ្ឋអាម៉េរិក ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ២) បន្តរៀបចំ កិច្ចប្រជុំក្រុមការងារកម្រិតបច្ចេកទេស ក្រោមក្របខ័ណ្ឌវិនិយោគ និងពាណិជ្ជកម្ម (TIFA) កម្ពុជា-អាម៉េរិក ដើម្បីសម្របសម្រួលបង្កើតបរិយាកាសធុរកិច្ច វិនិយោគល្អរវាងភាគីទាំងពីរ។

សហព័ន្ធស្វីស៖ ពិនិត្យលទ្ធភាពចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ស្វីស តាមរយៈសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) ដែលបានបញ្ចប់ទាំងស្រុង និង បកប្រែអត្ថបទជាខេមរភាសា។

សាធារណរដ្ឋតួកគីយ៉េ៖ ចូលរួមកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-តួកគីយ៉េ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យឱ្យកាន់តែស៊ី ជម្រៅ តាមរយៈការអនុវត្តសកម្មភាពការងារ ដូចបានព្រមព្រៀងក្នុងកំណត់ហេតុរួមនៃកិច្ចប្រជុំលើកទី៤ លើវិស័យសំខាន់ៗរួមមាន៖ ពាណិជ្ជកម្មទំនិញនិងសេវា វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទអាកាសចរណ៍ស៊ីវិល ការដឹកជញ្ជូននិងហេដ្ឋារចនា សម្ព័ន្ធ អប់រំ ឧស្សាហកម្ម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហាឡាល ធនធានទឹក ទេសចរណ៍ សុខាភិបាល និងការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ចក្រភពអង់គ្លេស៖ ១) ជំរុញអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីវេទិកាពាណិជ្ជកម្មនិងវិនិយោគ ដែលជាកាលានុវត្តភាព ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាង ភាគីទាំងពីរ។ ២) ជំរុញការទាញយកអត្ថប្រយោជន៍ពីការអនុវត្តគម្រោងពាណិជ្ជកម្ម សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍​ដែលផ្តល់អត្ថប្រយោជន៍រួមមាន៖ សម្រួលវិធានដើមកំណើតទំនិញដែលអាចធ្វើឱ្យកម្ពុជា នាំចេញទំនិញបានច្រើនមុខថែមទៀតទៅអង់គ្លេស, បន្តការផ្តល់អត្រាពន្ធសូន្យសម្រាប់ទំនិញសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក និងទំនិញសំខាន់ៗរបស់កម្ពុជាច្រើនទៀតទៅទី​ផ្សារអង់គ្លេស និងលើកទឹកចិត្តអ្នកវិនិយោគអង់គ្លេសមកវិនិយោគនៅកម្ពុជា។ ជាលទ្ធផល ក្នុងឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-អង់គ្លេសសម្រេចបាន ១០៦៩,៩៣លានដុល្លារ អាម៉េរិក កើនឡើង ៥.៦៨% ក្នុងនោះការនាំចេញកើនឡើងក្នុងរង្វង់ ៥%។

សហភាពអឺរ៉ុប៖ វឌ្ឍនភាពការងារក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង ពាណិជ្ជកម្មទ្វេភាគី ក្រោយកិច្ចប្រជុំអនុក្រុមស្តីពីពាណិជ្ជកម្ម និងវិនិយោគ (SGTI) លើក ទី១២ ទទួលបានលទ្ធផល៖ ១)ភាគីទាំងពីរទទួលស្គាល់ពីកំណើនវិជ្ជមាននៅក្នុង ពាណិជ្ជកម្មទ្វេភាគីដែលគាំទ្រដោយប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ២)សហភាពអឺរ៉ុបបានចែករំលែកព័ត៌មានអំពីបទប្បញ្ញត្តិថ្មីៗរួមមាន៖ Corporate Sustainability Due Diligence Directive (CSDDD), Deforestation Regulation និង Forced Labour Regulation ៣) បានពិភាក្សាផ្លាស់ប្តូរទស្សនៈស្តីពីវិធានបូក បន្ថែមលើឧស្សាហកម្មកង់នៅកម្ពុជា, ៤) ពិភាក្សាពីប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាព អឺរ៉ុប, ៥) បរិយាកាសវិនិយោគនៅកម្ពុជា,ការបើកច្រកទីផ្សារ, ៦) ជំនួយបច្ចេកទេស សម្រាប់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងវឌ្ឍនភាពពាណិជ្ជកម្មក្នុងតំបន់។ នៅមានបញ្ហា សេសសល់មួយចំនួនដែលត្រូវដោះស្រាយនៅកិច្ចប្រជុំអនុក្រុមពាណិជ្ជកម្ម និងវិនិយោគ លើកទី១៣ (SGTI) នៅឆ្នាំ២០២៦ គឺ​ តម្លាភាពប្រព័ន្ធពន្ធដារ, ការដំឡើងនិងការប្រើប្រាស់ថាមពលព្រះអាទិត្យ, សេវាប្រឹក្សាការវាយតម្លៃផលប៉ះពាល់បរិស្ថាន, និងស្តង់ដារសុវត្ថិភាពរថយន្តនិងការនាំចូលស្របគ្នា។

អាហ្វ្រិកខាងត្បូង៖

ពិនិត្យលទ្ធភាពបង្កើតអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ច សហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច សំដៅបង្កើនការដោះដូរទំនិញសក្តានុពលទៅ វិញទៅមក និងរៀបចំវេទិកាធុរកិច្ច និងពិព័រណ៍ពាណិជ្ជកម្មរវាងវិស័យឯកជន នៃប្រទេសទាំងពីរ៕