ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក ​សម្រេចបានជាង១៣ពាន់លានដុល្លារអាមេរិក កើនឡើងជាង២៩% ក្នុងឆ្នាំ២០២៥, កម្ពុជានាំទៅអាមេរិកជាង១២ពាន់លានដុល្លារ (Video inside)

09-01-2026 11:57

(ភ្នំពេញ)៖ រយៈពេលពេញ១ឆ្នាំ២០២៥​ ការធ្វើពាណិជ្ជកម្មរវាង កម្ពុជា-អាមេរិក ​សម្រេចបានជាង១៣ពាន់លានដុល្លារអាមេរិក កើនឡើង​២៩.២​៤% ​បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤​។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

តាមរយៈទិន្នន័យនេះ បានបង្ហាញថា ១២ខែឆ្នាំ២០២៥ កម្ពុជា-អាមេរិក សម្រេចបានទំហំពាណិជ្ជកម្ម១៣.១៤ពាន់ដុល្លារ កើនឡើង២៩.២​៤% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤​ដែលមានទំហំ ១០.១៧ពាន់លានដុល្លារ។ កម្ពុជានៅតែរក្សាបានការនាំចេញទៅអាមេរិកល្អប្រសើរ បើទោះបីជាអាមេរិកកំណត់អត្រាពន្ធបដិកាថ្មីក៏ដោយ ដោយសម្រេចបានប្រមាណ១២.៧៣ពាន់លានដុល្លារ កើនឡើង២៨.៤៨​% បើធៀបនឹងឆ្នាំ២០២៤ ដែលមានទំហំ ៩.៩ពាន់លានដុល្លារ។ ចំណែកការនាំចូលពីអាមេរិកមកវិញ មានទំហំជាង៤១៧លានដុល្លារ​ កើនឡើង ៥៧.៨៣%។

មុខទំនិញដែលកម្ពុជា នាំចេញទៅអាមេរិកភាគច្រើនមានដូចជា មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ គ្រឿងបង្គុំ និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

​នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងពាណិជ្ជកម្ម​​ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ក្រោយទទួលបានជោគជ័យ លើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក​ ដោយទទួលបានអត្រាពន្ធគយបដិការត្រឹម ១៩% ភាគីទាំងពីរនឹងបន្តរៀបចំ កិច្ចប្រជុំក្រុមការងារកម្រិតបច្ចេកទេស ក្រោមក្របខ័ណ្ឌវិនិយោគ និងពាណិជ្ជកម្ម (TIFA) កម្ពុជា-អាម៉េរិក ដើម្បីសម្របសម្រួលបង្កើតបរិយាកាសធុរកិច្ច វិនិយោគល្អរវាងភាគីទាំងពីរ​បន្ថែមទៀត៕