រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម៖ ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន-កាណាដា សម្រេចបាន៤០% ដោយគ្រោងបញ្ចប់នៅឆ្នាំនេះ

10-01-2026 10:13

(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កិច្ចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា ដែលបានចាប់ផ្តើមចរចាតាំងពីឆ្នាំ២០២១ មកទល់បច្ចុប្បន្ននេះសម្រេចបានប្រមាណជាង៤០% ដោយគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៦នេះ។

លោកស្រី ចម និម្មលគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងពិធីបិទសន្និបាទបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៥ និងលើកទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ។

កាណាដា-អាស៊ាន បានចាប់ផ្តើមចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំបូងនៅឆ្នាំ២០២១។ ការចាប់ផ្តើមចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (FTA) ធ្វើឡើងនៅឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កាណាដា លើកទី១០ ដែលធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ តាមអនឡាញ។ កិច្ចព្រមព្រៀងនេះ នឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-កាណាដា ឱ្យកាន់តែខិតជិតទៅនឹងខ្សែសង្វាក់តម្លៃសកល និងកែលម្អលទ្ធភាពទទួលបានទីផ្សារបន្ថែម សម្រាប់អាស៊ាននិងកាណាដាផងដែរ។

បន្ថែមពីនេះ លោកស្រី ចម និម្មល បានឱ្យដឹងផងដែរថា ការចរចាកិច្ចដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ អាស៊ាន-ឥណ្ឌាក៏សម្រេចបាននូវវឌ្ឍនភាព ល្អប្រមាណ៣៦.៩%ផងដែរ។ ទន្ទឹមនេះ អាស៊ានក៏គ្រោងចាប់ផ្តើមការចរចាដំឡើងកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ អាស៊ាន-កូរ៉េ នៅឆ្នាំ២០២៦នេះផងដែរ។

ជាមួយគ្នានេះ លោកស្រីបានលើកឡើងថា ក្នុងក្របខ័ណ្ឌអាស៊ាន កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងនោះបានចរចាតម្លើងកម្រិត ដោយបានបញ្ចប់នីតិវិធីស្នើសុំការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង ៖ទី១.ពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។

ពិធីសារទីពីរ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន អូស្ត្រាលី នូវែល សេឡង់។ ព្រមទាំងបានបញ្ចប់ការចរចា និងចុះហត្ថលេខាលើពិធីសារទី២ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មទំនិញ និងកិច្ចព្រមព្រៀងដំឡើងកម្រិតអាស៊ាន-ចិន ៣.០៕