កម្ពុជារកចំណូលបានជាង ១៥០០លានដុល្លារ ពីការនាំចេញស្វាយចន្ទីមិនទាន់កែច្នៃ ក្នុងឆ្នាំ២០២៥ (Video inside)

15-01-2026 15:51

(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៥ ការនាំចេញស្វាយចន្ទីមិនទាន់កែច្នៃមានបរិមាណជាង ១លានតោន ដោយទទួលបានទឹកប្រាក់ជាង ១៥០០លានដុល្លារ។ នេះយោងតាមទិន្នន័យក្រៅផ្លូវការ ដែលកត់ត្រាដោយសមាគមស្វាយចន្ទីកម្ពុជា។

លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់អ្នកសារព័ត៌មានថា ស្វាយចន្ទីភាគច្រើនត្រូវបាននាំចេញទៅកាន់ប្រទេសវៀតណាម ក្រៅពីនេះបាន​នាំចេញទៅកាន់ប្រទេសឥណ្ឌា ចិន និងប្រទេសមួយចំនួនទៀត។

លោកបានវាយតម្លៃវិស័យស្វាយចន្ទីក្នុងឆ្នាំ២០២៥ មានភាពល្អប្រសើរ ដោយទទួលបានទាំងទិន្នផលខ្ពស់ និងតម្លៃល្អ ដែលធ្វើឱ្យកសិករទទួលបានផលចំណេញ។ ក្នុងអំឡុងពេលប្រមូលផល គ្រាប់ស្វាយចន្ទីស្រស់មានតម្លៃជាមធ្យម ៥០០០រៀលក្នុងមួយគីឡូ និងគ្រាប់ស្ងួតមានតម្លៃប្រមាណ ៦០០០រៀល ក្នុងមួយគីឡូក្រាម។

តែយ៉ាងណាមិញ តម្លៃនេះបានធ្វើឱ្យអ្នកកែច្នៃនៅក្នុងស្រុក ជួបការលំបាកក្នុងការប្រមូលទិញ ដោយសារត្រូវប្រកួតប្រជែងជាមួយតម្លៃ ដែលលក់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

លោកថា នៅពេលដែលវត្ថុធាតុដើម សម្រាប់យកទៅកែច្នៃមានតម្លៃខ្ពស់ ហើយបច្ចេកទេសកែច្នៃនៅមានកម្រិត បានធ្វើឱ្យតម្លៃដើមនៃទំនិញកើនឡើង បណ្តាលឱ្យអ្នកកែច្នៃនៅកម្ពុជា មានការពិបាកក្នុងការប្រកួតប្រជែងនៅលើទីផ្សារ។

លោករំពឹងថា នៅឆ្នាំ២០២៦នេះ តម្លៃស្វាយចន្ទីនឹងល្អ ផ្តល់ចំណេញដល់កសិករ ដោយសារនៅតាមប្រទេសដាំស្វាយចន្ទីមួយចំនួន បានហាមមិនឱ្យមានការនាំចេញ ដែលនឹងធ្វើឱ្យតម្លៃស្វាយចន្ទីនៅកម្ពុជាល្អប្រសើរ។ តែយ៉ាងនេះក្តី លោកព្រួយបារម្ភពីទិន្នផលនៅឆ្នាំ២០២៦នេះ ដោយសារបញ្ហាអាកាសធាតុ​​​។

លោក​បានលើកឡើងថា ដោយសារនៅដើមឆ្នាំនេះ អាកាសធាតុចុះត្រជាក់ បានធ្វើឱ្យចន្ទីមួយចំនួនគាំងផ្កា គាំងក្តឹប ប៉ុន្តែប្រសិនបើនៅក្នុងខែកុម្ភៈអាកាសធាតុប្រែធម្មតាឡើងវិញ នោះផលនឹងប្រសើរឡើងវិញ។

​កន្លងមក មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញសុទិដ្ឋិនិយមចំពោះ ការបើកទីផ្សារថ្មីៗនៃផលិតផលស្វាយចន្ទីកែច្នៃរបស់កម្ពុជា ជាពិសេសទីផ្សារអឺរ៉ុប អាមេរិក ចិន អូស្រ្តាលី និងជប៉ុន ខណៈបច្ចុប្បន្ន ស្វាយចន្ទីកម្ពុជា កំពុងមានវត្តមានដាក់លក់ក្នុងផ្សារ Family Mart ដ៏ល្បី ​ចំនួន ១៦,៣២០ ទីតាំង នៅប្រទេសជប៉ុន។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News កាលពីពេលកន្លងទៅ លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលជាអ្នកស្វែងរកទីផ្សារថ្មីៗសម្រាប់ផលិតផលកម្ពុជា បាន​​ជំរុញឱ្យមានការវិនិយោគទៅលើកែច្នៃស្វាយចន្ទី ដើម្បីបង្កើនការនាំចេញ និងរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចបានគោលដៅ នៃគោលនយោបាយជាតិស្តីពីស្វាយចន្ទី។

យោងតាម «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» ដែលត្រូវបានក្រសួងពាណិជ្ជកម្មបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីឆ្នាំ២០២៣ បានជំរុញការកែច្នៃស្វាយចន្ទីឱ្យបាន២៥% នៅឆ្នាំ២០២៧ និងយ៉ាងតិច៥០% នៅឆ្នាំ២០៣២។ ប៉ុន្តែឆ្នាំ២០២៥នេះ ការកែច្នៃបានត្រឹមតែ ២២ ៦០០តោន ដែលស្មើប្រហែល២.៤% នៃស្វាយចន្ទីប្រមូលផលបាន​ប៉ុណ្ណោះ៕