កម្ពុជារំពឹងអាចនាំចេញសំបុកត្រចៀកកាំ ជាផ្លូវការទៅទីផ្សារចិននៅឆ្នាំនេះ ខណៈផ្ទះត្រចៀកកាំជិត ១ពាន់ខ្នង បានចុះបញ្ជីរួចរាល់ (Video inside)
15-01-2026 16:59
(ភ្នំពេញ)៖ បើទោះបីជាអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន បានចេញសេចក្តីជូនដំណឹងអនុញ្ញាតឱ្យកម្ពុជា អាចនាំចូលសំបុកត្រចៀកកាំ ទៅកាន់ទីផ្សារចិន តាំងពីពាក់កណ្តាលឆ្នាំ២០២៥ក៏ដោយ ប៉ុន្តែគិតមកទល់ពេលនេះ កម្ពុជាមិនទាន់អាចនាំចេញទៅកាន់ទីផ្សារចិនបាននៅឡើយ។ តែយ៉ាងណា ប្រធានសមាគមត្រចៀកកាំកម្ពុជា រំពឹងថា នៅក្នុងឆ្នាំ២០២៦នេះ កម្ពុជានឹងនាំចេញសំបុកត្រចៀកកាំ ជាផ្លូវការ ទៅកាន់ទីផ្សារចិនបាន។
លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំកម្ពុជា មានសុទិដ្ឋិនិយមបែបនេះ ដោយសារមកទល់បច្ចុប្បន្ននេះ ផ្ទះត្រចៀកកាំប្រមាណជិត ១ពាន់ខ្នងផ្ទះ ត្រូវបានក្រសួងកសិកម្មចុះបញ្ជី ក្នុងនោះក្រសួងបានបញ្ជូន ក្រុមហ៊ុនចំនួន៦ ឱ្យធ្វើការទំនាក់ទំនងជាមួយគយចិន។ នៅពេលការចុះបញ្ជីផ្ទះត្រចៀកកាំសម្រេចបានហើយ នោះនឹងជំរុញការនាំចេញសំបុកត្រចៀកកាំរបស់កម្ពុជា ចូលទៅក្នុងទីផ្សារចិន បានកាន់តែលឿន។
ប្រធានសមាគមត្រចៀកកាំកម្ពុជា បានលើកឡើងទៀតថា នៅពេលដែលកម្ពុជានាំចេញសំបុក្រត្រចៀកកាំ ទៅកាន់ទីផ្សារចិនជាផ្លូវការ នោះនឹងធ្វើឱ្យតម្លៃសំបុកត្រចៀកកាំមានការប្រែប្រួល ផ្តល់ផលប្រយោជន៍ សម្រាប់អ្នកអភិរក្សផ្ទះត្រចៀកកាំ ដែលនឹងចូលរួមលើកកម្ពស់ ដល់ការអភិរក្សផ្ទះត្រចៀកកាំនៅកម្ពុជាបន្ថែម និងការបង្កើតការងារដ៏ច្រើន សម្រាប់ប្រជាជនកម្ពុជា។
គួរជម្រាបថា អគ្គនាយកដ្ឋានគយចិន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងអនុញ្ញាតឱ្យប្រទេសកម្ពុជា អាចនាំចូលសំបុកត្រចៀកកាំ ដែលបំពេញតាមគ្រប់លក្ខខណ្ឌចូល ទៅក្នុងទីផ្សារប្រទេសចិនបានជាផ្លូវការ។
បើតាមសេចក្តីជូនដំណឹង សំបុកត្រចៀកកាំដែលមិនទាន់សម្អាត និងសំបុកត្រចៀកកាំ សម្រាប់បរិភោគទាំងអស់ ដែលនាំចេញទៅចិន ត្រូវតែផលិតនៅក្នុងសហគ្រាស ដែលបានចុះឈ្មោះទទួលស្គាល់ដោយភាគីទាំងពីរ គោរពតាមស្តង់ដារអនាម័យ និងសុវត្ថិភាពអាហាររបស់ប្រទេសទាំងពីរ ហើយត្រូវឆ្លងកាត់ដំណើរការកម្តៅដោយ «សីតុណ្ហភាពមិនតិចជាង ៧០អង្សាសេ និងបន្ថែមកំដៅយ៉ាងហោចណាស់ ៣.៦វិនាទី» ដើម្បីសម្លាប់វីរុសជំងឺគ្រុនផ្តាសាយបក្សីជាដើម។
ចំពោះប្រភព សំបុកត្រចៀកកាំ ត្រូវមានប្រភពចេញពីផ្ទះត្រចៀកកាំ បានចុះឈ្មោះជាមួយអាជ្ញាធរកម្ពុជា ហើយត្រូវបានរាយការណ៍ទៅភាគីចិន។ សហគ្រាសដំណើរការផលិតសំបុកត្រចៀកកាំមិនទាន់សម្អាត និង សហគ្រាសផលិតសំបុកត្រចៀកកាំសម្រាប់បរិភោគ ត្រូវតែបានចុះឈ្មោះជាមួយអាជ្ញាធរគយនៃប្រទេសចិន ហើយអាចចាប់ផ្តើមផលិតផលិតផលសម្រាប់នាំចេញបាន លុះត្រាតែការចុះឈ្មោះបានចាប់អនុវត្ត។
ចំពោះតួលេខនៃការអនុញ្ញាត ឱ្យចូលទៅប្រទេសចិន មិនទាន់បានបង្ហាញនៅឡើយទេ ។ បច្ចុប្បន្ននេះ លោក ស៊ុយ កុកធាន កំពុងប្រមូលទិន្នន័យឱ្យច្បាស់លាស់បន្ថែមទៀត ដើម្បីដឹងថា ចិនអនុញ្ញាតបរិមាណប៉ុន្មាន ដែលកម្ពុជាអាចផ្គត់ផ្គង់ទៅកាន់ទីផ្សារចិនបាន៕











