ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា៖ រដ្ឋាភិបាលបានបង្កើតក្រុមការងារ សិក្សាការផលិតទំនិញជាយុទ្ធសាស្រ្ត លើផ្នែកចម្បង២ គឺកសិកម្ម និងឧស្សាហកម្ម ដើម្បីពង្រឹងការផលិតបន្ថែមឱ្យកាន់តែខ្លាំង (Video inside)
16-01-2026 13:37
(ភ្នំពេញ)៖ លោក សក់ សេដ្ឋា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានលើកឡើងថា រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារសិក្សាការផលិតទំនិញជាយុទ្ធសាស្រ្ត លើផ្នែកចម្បង២ គឺកសិកម្ម និងឧស្សាហកម្ម ដើម្បីពង្រឹងការផលិតបន្ថែមឱ្យកាន់តែខ្លាំង។
ការលើកឡើងរបស់ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ស្មារតីជាតិលើការពង្រឹងស្ថាប័នសេដ្ឋកិច្ច ដើម្បីអភិវឌ្ឍកម្ពុជា»។
លោក សក់ សេដ្ឋា ទេសរដ្ឋមន្រ្ដី បានថ្លែងថា ថ្មីៗនេះរដ្ឋាភិបាលបានបង្កើត ក្នុងក្របខណ្ឌគណៈកម្មាធិការសេដ្ឋកិច្ចហិរញ្ញវត្ថុ ដែលត្រូវសិក្សាទំនិញជាយុទ្ធសាស្រ្ដ ក្នុងនោះមានផ្នែកកសិកម្ម ដោយក្នុងនោះរាប់បញ្ជូលពីបន្លែ ត្រី សាច់ និងរបស់របរជាគ្រឿងឧបភោគបរិភោគ ដែលមានតម្រូវការជាប្រចាំថ្ងៃ។ ចំណែកវិស័យឧស្សាហកម្ម ជាវិស័យសំខាន់មួយ បន្ទាប់ពីវិស័យកសិកម្ម ដោយត្រូវផលិតសម្រាប់ការរស់នៅជាប្រចាំថ្ងៃ ក្នុងនោះមានរបស់របរប្រចាំថ្ងៃ រហូតដល់គ្រឿងបរិក្ខាផ្សេងៗជាច្រើនទៀត ដែលត្រូវពង្រឹងការផលិតក្នុងស្រុក។
ទេសរដ្ឋមន្រ្ដី សក់ សេដ្ឋា បានបន្ថែមថា ជាការពិតវិស័យកសិកម្ម អាចមានភាពស្ម័គ្រស្មាញជាងវិស័យកសិកម្មបន្ដិច ដោយក្នុងនោះក្រុមការងារកំពុងមមាញឹក ក្នុងការធ្វើកិច្ចការទាំងនេះ ដើម្បីកំណត់ជាក្របខណ្ឌយុទ្ធសាស្រ្ដ ការគាំពារផ្សេងៗ ទាំងបញ្ហាធនធាន សមត្ថភាព ទីផ្សារ និងការសម្រប់សម្រួលផ្សេងៗជាច្រើនទៀត៕
សូមស្តាប់ការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី សក់ សេដ្ឋា៖









