TotalEnergies ថ្លែងអំណរគុណរដ្ឋាភិបាល និងអគ្គនាយកដ្ឋានពន្ធដារដែលបានដោះស្រាយបញ្ហាពាក់ព័ន្ធនឹងពន្ធដាររបស់ក្រុមហ៊ុន ដោយមានប្រសិទ្ធភាព និងតម្លាភាព

16-01-2026 14:00

(ភ្នំពេញ)៖ បញ្ហាពាក់ព័ន្ធនឹងពន្ធដារ របស់ TotalEnergies ត្រូវបានអគ្គនាយកដ្ឋានពន្ធដារ ដោះស្រាយ​រួចរាល់​ ​យ៉ាងឆាប់រហ័ស មានប្រសិទ្ធភាព និងតម្លាភាព ដោយទទួលបានការសាទរ និងថ្លែងអំណរគុណពីក្រុមហ៊ុនផងដែរ។

នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានទទួលជួបគណៈប្រតិភូរបស់ក្រុមហ៊ុន TotalEnergies ដឹកនាំដោយលោក Mehmet Celepoglu អនុប្រធានក្រុមហ៊ុន TotalEnergies ប្រចាំតំបន់អូសេអានី និងអាស៊ីអាគ្នេយ៍ និងមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធ។

ក្នុងឱកាស​នេះ លោក Mehmet Celepoglu បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាល ក៏ដូចជាអគ្គនាយកដ្ឋានពន្ធដារដែលបានដោះស្រាយបញ្ហាពាក់ព័ន្ធនឹងពន្ធដារជូនក្រុមហ៊ុនយ៉ាងឆាប់រហ័ស មានប្រសិទ្ធភាព និងតម្លាភាព ក៏ដូចជាការគាំទ្រដល់ក្រុមហ៊ុនក្នុងការពង្រីកការធ្វើអាជីវកម្មនៅ​កម្ពុជា។ ទន្ទឹមនឹងនេះ កិច្ចពិភាក្សាក្នុងកិច្ចជំនួបនេះក៏បានទទួលបានលទ្ធផលល្អប្រសើរក្រោមស្មារតីកិច្ចសហប្រតិបត្តិការ និងទទួលខុសត្រូវខ្ពស់៕