រោងចក្រផលិតត្រីខកំប៉ុងដំបូងគេ នឹងលេចរូបរាងឡើងនៅក្នុងខេត្តកោះកុង

19-01-2026 07:35

(កោះកុង)៖ រោងចក្រផលិតត្រីខកំប៉ុងដំបូងគេនៅកម្ពុជា ដែលវិនិយោគដោយសហគ្រិនក្នុងស្រុក នឹងលេចរូបរាងឡើងក្នុងពេលឆាប់ៗខាងមុខនេះ នៅខេត្តកោះកុង។

លោកឧកញ៉ា ស្រី ចាន់ថន ដែលគេស្គាល់ថាជាអ្​នកវិនិយោគក្នុងស្រុកដ៏មានសក្តានុពល នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ បានប្រកាសតាមរយៈ Facebook ផ្លូវការរបស់ខ្លួន អំពីការរៀបចំការបើករដ្ឋានសាងសង់រោងចក្រផលិតត្រីខ ដែលមានឈ្មោះថា «ត្រីខ ខ្ញុំ»។

លោកបានសរសេរ Facebook របស់ខ្លួនថា «ថ្ងៃចន្ទ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ថ្ងៃដើមទ្រព្យជាថ្ងៃពិសេសបំផុតសម្រាប់ខ្ញុំ រួមទាំងប្រជាជនកម្ពុជាទាំងមូល ដោយខ្ញុំបានដឹកនាំក្រុមការងារ ចុះមកដោយផ្ទាល់ពិនិត្យមើលគម្រោងបើកការដ្ឋានសាងសង់រោងចក្រផលិត «ត្រីខ ខ្ញុំ» ដំបូងគេបំផុត នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងខេត្តកោះកុង »។

លោកបញ្ជាក់ទៀតថា «កត្តាដែលឈានមកដល់ដំណាក់កាល ដែលខ្ញុំបោះទុនវិនិយោគបង្កើតរោងចក្រផលិតត្រីខ ខ្ញុំ នេះឡើង ព្រោះមានការគាំទ្រជាច្រើនពីសំណាក់ពុកម៉ែបងប្អូន ចុងក្រោយខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ពុកម៉ែបងប្អូន និងបន្តពហិការមិនប្រើប្រាស់ផលិតផលសៀមជារៀងរហូត ហើយរួមគ្នាគាំទ្រផលិតផលក្នុងស្រុកជានិរន្ត»៕