ប័ណ្ណជំនាញ ជាកម្មវិធីថ្នាក់ជាតិថ្មី និងដំបូងគេបង្អស់ ដើម្បីបង្កើនជំនាញ, ចំណូល និងឱកាស ដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធ
19-01-2026 05:40
(ភ្នំពេញ)៖ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ បានសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ និងគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល បានដាក់សម្ពោធជាផ្លូវការនូវ កម្មវិធីថ្នាក់ជាតិស្តីពី «ប័ណ្ណជំនាញ សម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ» ក្រោមប្រធានបទ «បង្កើនជំនាញ បង្កើនឱកាស និងបង្កើនចំណូល»។
ពិធីសម្ពោធនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិប្រមាណ ៣០០នាក់ នៅសណ្ឋាគារសុខាភ្នំពេញ ។
ក្នុងឱកាសនោះ បណ្ឌិតសភាចារ្យ ផាន់ ផល្លា ប្រធានក្រុមប្រឹក្សាភិបាលបរធនបាល នៃមូលនិធិអភិវឌ្ឍន៍ជំនាញ បានបញ្ជាក់ថា កម្មវិធីប័ណ្ណជំនាញ មានគោលបំណងសំខាន់ក្នុងការផ្តល់ឱកាសដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនដែលត្រឡប់ពីក្រៅប្រទេស អាចចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់សំខាន់ៗ ដែលស្របតាមតម្រូវការទីផ្សារការងារ ដើម្បីពង្រឹងសមត្ថភាព និងបង្កើនការប្រកួតប្រជែងក្នុងវិស័យការងារ និងអាជីវកម្ម។
លោកបានបន្ថែមថា ប័ណ្ណជំនាញមួយមានតម្លៃ ៦០០,០០០ រៀល ឬស្មើនឹង ១៥០ ដុល្លារអាមេរិក នឹងផ្តល់ជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចុះឈ្មោះក្នុងប្រព័ន្ធថ្នាលឌីជីថល Cam-IE ដើម្បីប្រើប្រាស់សម្រាប់ការចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលដែលត្រូវបានវាយតម្លៃ និងជ្រើសរើសរួចជាស្រេចពីមូលនិធិអភិវឌ្ឍន៍ជំនាញ នឹងធានាបាននូវភាពពាក់ព័ន្ធ គុណភាព និងតម្លៃនៃលុយ ។
ថ្លែងក្នុងពិធីបើកដំណើរការកម្មវិធី ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ក្នុងបរិបទសង្គមសេដ្ឋកិច្ចបច្ចុប្បន្ន វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាសសរទ្រូងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ ដែលបានបង្កើតការងារជាង ៨៥% នៃការងារសរុបសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ហើយកម្មវិធីថ្នាក់ជាតិថ្មីនេះនឹងជួយពង្រឹងសមត្ថភាព ចំណេះជំនាញ និងផលិតភាពរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីមានភាពរីកចម្រើន ភាពធន់ និងរឹងមាំ ស្របតាម យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ SDF និងដៃគូពាក់ព័ន្ធ ក្នុងការសហការជិតស្និទ្ធ ដើម្បីជំរុញគំនិតផ្តួចផ្តើមនេះឱ្យអនុវត្តបានជាក់ស្តែង។
គួរបញ្ជាក់ថា ប័ណ្ណជំនាញ មិនមែនគ្រាន់តែជាក្រដាសប័ណ្ណធម្មតា ប៉ុន្តែជាលិខិតឆ្លងដែនដ៏មានតម្លៃ សម្រាប់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនដែលត្រឡប់ពីក្រៅប្រទេស ក្នុងការឈានទៅចាប់យកឱកាសថ្មី និងចំណូលបន្ថែម ប្រកបដោយប្រសិទ្ធភាព និងចីរភាព៕


















