បណ្ឌិតសេដ្ឋកិច្ចស្នើអាជីវករផ្សារដើមគ គោរពការណែនាំអាជ្ញាធរ ដើម្បីសណ្តាប់ធ្នាប់សង្គម និងមិនប៉ះពាល់អារម្មណ៍ទេសចរ (Video inside)

20-01-2026 13:21

(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញផ្នែកសេដ្ឋកិច្ចមកពីប្រទេសអាល្លឺម៉ង់ បានលើកឡើងថា ប្រទេសយើងត្រូវការភ្ញៀវទេសចរ ជាពិសេសទេសចរបរទេស ដែលពួកគាត់តែងតែចំណាយថវិកាច្រើន ផ្តល់ផលចំណេញដល់កម្ពុជាយើង និងជួយសេដ្ឋកិច្ចយើង។ លោកស្រីបណ្ឌិត បានអះអាងថា សណ្តាប់ធ្នាប់សង្គម មានឥទ្ធិពលដល់អារម្មណ៍ភ្ញៀវទេសចរ។

បើតាមលោកស្រីបណ្ឌិត ព្រុំ ទេវី ភ្ញៀវទេសចរបរទេសភាគច្រើន ចូលចិត្តការរស់នៅស្អាត និងមានសណ្តាប់ធ្នាប់ ហេតុនេះហើយ លោកស្រី បានស្នើអាជីវករផ្សារដើមគ គោរពការណែនាំអាជ្ញាធរ ដើម្បីសណ្តាប់ធ្នាប់សង្គម និងមិនប៉ះពាល់អារម្មណ៍ពួកគាត់។

សូមជម្រាបថា ក្នុងជំនួបជាមួយបងប្អូនអ្នកលក់ដូរគ្មានសណ្ដាប់ធ្នាប់នៅជុំវិញតំបន់ផ្សារដើមគ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់លក្ខខណ្ឌមួយចំនួន ដោយអាចមានជម្រើសផ្លាស់ប្ដូរទៅលក់ទៅផ្សារដើមគថ្មី ដែលអាជ្ញាធរធ្លាប់សម្របសម្រួលជូនកន្លងមក ឬទៅរកទីតាំងឯកជនផ្សេងទៀត ដែលខ្លួនគិតថា ងាយស្រួល ប៉ុន្តែមិនមែនលក់លេីផ្លូវសាធារណៈ។

ជាមួយគ្នានេះដែរ អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅក្នុងដំណាក់កាលនេះ បេីបងប្អូនមានបញ្ហាខ្វះខាតផ្នែកជីវភាពខ្លាំង រដ្ឋបាលរាជធានីភ្នំពេញ នឹងជួយទំនុកបម្រុងជាអង្ករជូន ដោយមិនត្រូវបន្តលក់ដូរលើដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈដាច់ខាត៕

ខាងក្រោមនេះជាវិដេអូសម្ភាសលោកស្រីបណ្ឌិត ព្រុំ ទេវី៖