លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ អគារសិក្សាថ្មីនៃវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ នឹងក្លាយជាកន្លែងព្យាបាល និងសិក្សាដល់កុមារអូទីស្សឹម ដ៏មានសមត្ថភាព

20-01-2026 14:05

(កណ្តាល)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា អគារសិក្សាថ្មីរបស់វិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ ដែលទើបតែបានសម្ពោធនេះ នឹងក្លាយជាកន្លែងព្យាបាលដល់កុមារអូទីស្សឹម ឱ្យមានសុខភាពល្អ មានសមត្ថភាព មានទំនាក់ទំនង និងមានរបៀបរស់នៅល្អប្រសើរជាងមុន រួមទាំងនឹងក្លាយជាធនធានមនុស្សមួយសម្រាប់ជាតិកម្ពុជា។

ការថ្លែងយ៉ាងដូច្នេះរបស់លោកជំទាវបណ្ឌិត បានធ្វើឡើងនៅក្នងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ចូលរួមសម្ពោធអគារសិក្សាថ្មី របស់វិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងថា សាលាដែលបង្រៀនក្មេងអូទីស្សឹមនេះមានតែមួយទេ គឺនៅវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ខេត្តកណ្តាលនេះ ហើយមានអាណាព្យាបាលច្រើនណាស់បានចុះឈ្មោះឱ្យកូនៗរបស់ពួកគាត់ចូលរៀននៅទីនេះ។

«ដូច្នេះហើយ អគារសិក្សាថ្មីរបស់វិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ ដែលមានចំនួន២ខ្នង កម្ពស់៣ជាន់ មាន៣៦បន្ទប់ អំណោយរួមគ្នា របស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ព្រមទាំងរូបនាងខ្ញុំផ្ទាល់ ដែលត្រូវបានសម្ពោធនៅថ្ងៃនេះ នឹងអាចមានលទ្ធភាពទទួលសិស្សបានច្រើន ដើម្បីជួយសម្រាលការលំបាក និងការចំណាយច្រើនរបស់អាណាព្យាបាល ជាពិសេសនឹងក្លាយទៅជាកន្លែងព្យាបាលដល់កុមារអូទីស្សឹម ដើម្បីឱ្យពួកគាត់ទទួលបានសុខភាពល្អ មានសមត្ថភាព មានទំនាក់ទំនង និងមានរបៀបរស់នៅល្អប្រសើរជាងមុន រួមទាំងនឹងក្លាយជាធនធានមនុស្សមួយសម្រាប់ជាតិកម្ពុជាផងដែរ»។

លោកជំទាវបណ្ឌិត បានបន្តទៀតថា ការបង្រៀនក្មួយៗអូទីស្សឹមគឺជាការងារដែលលំបាក ព្រោះក្មេងៗដែលមានបញ្ហាទាំងអស់មិនមានរោគសញ្ញាដូចគ្នានោះទេ ខ្លះពិបាកនិយាយ ពិបាកក្នុងការគិត និងរពឹសខ្លាំងជាដើម ដែលទាមទារឱ្យមានការព្យាយាមនិងអត់ធ្មត់ខ្ពស់ ក្នុងការបង្រៀន និងការបណ្តុះបណ្តាលទៅកាន់ពួកគាត់ ដូចនេះខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យអប់រំពិសេសនេះ ដែលបានស្រឡាញ់ អត់ធ្មត់ និងលះបង់កម្លាំងកាយចិត្តបង្ហាត់បង្រៀនដល់កុមារអូទីស្សឹមទាំងអស់ ព្រោះការអប់រំដល់កុមារអូទីស្សឹមគឺត្រូវការជំនាញពិសេសបំផុតមួយ។

សូមបញ្ជាក់ផងដែរថា អូទីស្សឹមជាជំងឺប្រព័ន្ធប្រសាទមួយប្រភេទកើតឡើងលើកុមារដែលគាត់មានការលូតលាស់ខាងសតិបញ្ញាយឺត មានសមត្ថភាពខ្សោយក្នុងការរស់នៅ មានទំនាក់ទំនងទាបបំផុត និងកត្តាសុខភាពផ្សេងៗស្តែងចេញតាមចរិតលក្ខណៈប្លែកៗរបស់គាត់។ បច្ចុប្បន្ននេះ នៅកម្ពុជាមានកុមារអូទីស្សឹមជិត២ម៉ឺននាក់ ដែលកំពុងត្រូវការការបណ្តុះបណ្តាល អប់រំ និងយកចិត្តទុកដាក់ខ្ពស់ពីមជ្ឍដ្ឋានជុំវិញខ្លួន ដើម្បីឱ្យពួកគាត់មានឱកាសចូលរួមនៅក្នុងសង្គមដូចកុមារដទៃទៀតដែរ។

ទោះជាយ៉ាងណាក្តី រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរដ្ឋាភិបាល បានចាត់ទុកវិស័យអប់រំជាវិស័យអទិភាពមួយ និងកំពុងខិតខំលើកកម្ពស់វិស័យអប់រំនៅទូទាំងប្រទេស ជាពិសេសការអប់រំពិសេសដល់កុមារអូទីស្សឹមកម្ពុជា ដោយមានការផ្គត់ផ្គង់ទាំងទីកន្លែង សម្ភារៈបរិក្ខារចាំបាច់គ្រប់បែបយ៉ាង
បច្ចេកទេស និងសមត្ថភាពបង្ហាត់បង្រៀនយ៉ាងពិសេស ដើម្បីធានាថា កុមារទាំងនេះនឹងទទួលបានការអប់រំល្អប្រសើរ ព្រមទាំងអាចក្លាយជាធនធានមនុស្សសម្រាប់ប្រទេសជាតិផងដែរ៕