ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីចំនួន ២៧ ដោយកៀរគរបានមូលធនសរុប ៧០៣លានដុល្លារ ពីទីផ្សារមូលបត្រកម្ពុជា ខណៈក្រុមហ៊ុនកសិកម្មទី១ បោះលក់មូលបត្របំណុលកៀរគរទុន ៤៩លានដុល្លារ

21-01-2026 13:49

(ភ្នំពេញ)៖ ផ្សារមូលបត្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ បានរៀបចំ «ពិធីចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មជាផ្លូវការរបស់ក្រុមហ៊ុន ដូនពេញ អាហ្រ្គីកូ» ក្រោមអធិបតីភាព បណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកផ្សារមូលបត្រកម្ពុជា, លោក ផាន់ បាគឿង អគ្គនាយករង នៃក្រុមហ៊ុន ដូនពេញ អាហ្រ្គីកូ, លោក លោកស្រី តំណាងក្រសួងស្ថាប័ន និង វិស័យឯកជន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប ។

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមប្រឹក្សាភិបាល បានជម្រាបជូនអង្គពិធីថា ការសម្រេចចិត្តរបស់ ក្រុមហ៊ុន ដូនពេញ អាហ្គ្រីកូ ក្នុងការបោះផ្សាយលក់មូលបត្របំណុល នាពេលនេះ គឺជាគំរូដ៏ល្អមួយ សម្រាប់សហគ្រាសក្នុងស្រុកផ្សេងទៀត ក្នុងការស្វែងរកប្រភពទុន រយៈពេលវែង ដែលមានតម្លៃទាប តាមរយៈទីផ្សារមូលបត្រកម្ពុជា ដែលជាជម្រើសដ៏ល្អមួយ ផ្តល់ភាពងាយស្រួល រហ័ស និង ភាពបត់បែនខ្ពស់ ដល់ម្ចាស់សហគ្រាស, ទាំងក្នុង និងក្រៅប្រទេស ដោយផ្តល់លទ្ធភាពដល់ក្រុមហ៊ុន អាចកៀរគរទុនក្នុងទំហំធំ អត្រាការប្រាក់ទាប និង អាចប្រើប្រាស់បានរយៈពេលវែង ដើម្បីបម្រើទៅដល់ការពង្រឹង និងពង្រីកសក្តានុពលអាជីវកម្មរបស់ខ្លួន, ពិសេសបង្កើនសមត្ថភាពប្រតិបត្តិការ និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និង បច្ចេកវិទ្យា។

លោកបណ្ឌិតសភាចារ្យ បានគូសរំលេចថា រាជរដ្ឋាភិបាល តែងតែចាត់ទុក វិស័យឯកជនជាចលករដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និង បង្កើតការងារជូនប្រជាពលរដ្ឋ ។ ជាក់ស្តែង, រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» សំដៅគាំទ្រវិស័យឯកជន, ពិសេស វិស័យអាទិភាពទាំង ៣ គឺ កសិកម្ម, កសិ-ឧស្សាហកម្ម, និង ទេសចរណ៍ ក្នុងខេត្តទាំង ៤ នៃភូមិភាគឦសាន រួមមាន ៖ ខេត្តក្រចេះ, ខេត្តស្ទឹងត្រែង, ខេត្តមណ្ឌលគិរី, និង ខេត្តរតនគិរី ។

លោកបណ្ឌិតសភាចារ្យ បានគូសរំលេចបន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកសិកម្ម កសិ-ឧស្សាហកម្ម នៅកម្ពុជា បានបោះជំហានទៅមុខយ៉ាងលឿន, ជាពិសេស ការនាំចេញកសិផលហូបផ្លែ និង ផលិតផលកសិកម្មនានា ។ ជាក់ស្តែង, ក្រុមហ៊ុន ដូនពេញ អាហ្គ្រីកូ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំយកនូវ «មាសបៃតង» របស់កម្ពុជា គឺចេកអំបូងលឿង ជាដើម ទៅកាន់ទីផ្សារធំៗ ដូចជា ប្រទេសចិន និង ប្រទេសជប៉ុន ។ ការនាំចេញទៅកាន់ទីផ្សារ ដែលមានស្តង់ដាខ្ពស់ ដូចជា ជប៉ុន និង ចិន បានបង្ហាញឱ្យពិភពលោកឃើញ ពីសមត្ថភាពរបស់កម្ពុជា ក្នុងការផលិតកសិផល ដែលមានគុណភាព សុវត្ថិភាព និង អនុលោមតាមបទដ្ឋានអន្តរជាតិ ។

លោក ស៊ូ សុជាតិ បានមានប្រសាសន៍ថា ភាពជោគជ័យនៃការបោះផ្សាយលក់មូលបត្របំណុល របស់ក្រុមហ៊ុន ដូនពេញ អាហ្វ្រិកូ សម្រាប់វិនិយោគិនគុណវុឌ្ឍិ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ទីផ្សារមូលបត្រអាចបំពេញបន្ថែមទៅលើហិរញ្ញប្បទានពីធនាគារ ដោយផ្តល់នូវប្រភពទុនរយៈពេលវែង និង មានចីរភាព ដែលសមស្របសម្រាប់ក្រុមហ៊ុន ក្នុងការប្រើប្រាស់លើ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និង ប្រព័ន្ធធារាសាស្ត្រ, ការផ្គត់ផ្គង់ថាមពលអគ្គិសនី, គ្រឿងចក្រធុនធ្ងន់ ដើម្បីពង្រីកអាជីវវកម្ម បង្កើនផលិតភាព និង អភិវឌ្ឍខ្សែសង្វាក់តម្លៃកសិកម្ម, និង ការលើកកម្ពស់សមត្ថភាពនាំចេញផលិតផលទៅក្រៅប្រទេស របស់ក្រុមហ៊ុន ។

លោក ហុង សុហួរ បានជម្រាបជូនអង្គពិធីថា ក្រុមហ៊ុន ដូនពេញ អាហ្វ្រិកូ បានកៀរគរទុនក្នុងទំហំ ៤៩ លានដុល្លាអាមេរិក ពីវិនិយោគិនគុណវុឌ្ឍិ ដោយមានអត្រាគូប៉ុង ៥,២៥% ជាមួយឥណប្រតិទាន ៨ ឆ្នាំ និង មានការធានាពីក្រុមហ៊ុន GuaranCo។ ហើយទុនរយៈពេលវែងនេះ នឹងត្រូវចំណាយទៅលើការពង្រីកសក្តានុពលផ្គត់ផ្គង់ ដូចជាបន្តពង្រីកផ្ទៃដីដាំដុះ វិនិយោគលើប្រព័ន្ធធារាសាស្ត្រ និងនិយោគលើគ្រឿងចក្រធុនធ្ងន់ ដែលមានបច្ចេកវិទ្យាទំនើប ដើម្បីពន្លឿនខ្សែច្រវាក់ផលិតកម្ម ពង្រីកឃ្លាំងស្តុក និង រោងចក្រកែច្នៃជាដើម។

សូមជម្រាបជូនថា ដោយគិតត្រឹមថ្ងៃនេះ ផ្សារមូលបត្រកម្ពុជា បានទទួលក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រសរុប ចំនួន ២៧ ដែលរួមមាន៖ ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ ចំនួន ១២ និង ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុល ចំនួន ១៥, ហើយក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ ទាំង ២៧ បានប្រមូលមូលធនសរុបពីទីផ្សារមូលបត្រ ក្នុងទំហំប្រមាណ ៧០៣ លានដុល្លារអាមេរិក ។

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមប្រឹក្សាភិបាល បានវាយតម្លៃខ្ពស់ដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមសហការ និង គាំទ្រ ដល់ដំណើរការនៃការបោះផ្សាយ និង ចុះបញ្ជីលក់មូលបត្ររបស់ ក្រុមហ៊ុន ដូនពេញ អាហ្វ្រិកូ ដែលជាសមិទ្ធផលថ្មីមួយទៀត សម្រាប់វិស័យមូលបត្រនៅកម្ពុជា ។

លោកបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តរក្សានូវ ស្តង់ដារផលិតកម្ម, បណ្តុះបណ្តាល ជំនាញបច្ចេកទេស និង ការងារគ្រប់គ្រងវិស័យកសិកម្ម, គោរពច្បាប់ការងារ, ផ្តល់ប្រាក់ឈ្នួលសមរម្យ និង ធានាបានសុវត្ថិភាពការងារ, ចូលរួមគាំទ្រគម្រោងសង្គម ដូចជា ទឹកស្អាត សាលារៀន មណ្ឌលសុខភាព, ចូលរួមប្រើប្រាស់ធាតុចូលផលិតកម្មក្នុងស្រុកឱ្យអស់លទ្ធភាព និង បន្តពង្រីកទីផ្សារ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីនាំយកកេរ្តិ៍ឈ្មោះកសិផលខ្មែរ ទៅកាន់ទីផ្សារអន្តរជាតិ។ លក្ខខណ្ឌទាំងនេះ នឹងធានាថា ក្រុមហ៊ុន ដូនពេញ អាហ្រ្គីកូ មិនត្រឹមតែខិតខំរកប្រាក់ចំណេញប៉ុណ្ណោះទេ, ប៉ុន្តែ នឹងរួមចំណែកពិតប្រាកដ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងក្នុងមូលដ្ឋាន ៕