កម្ពុជាទទួលចំណូលបានជាង ១ ៣៨០លានដុល្លារ កើនឡើងជាង៥៧% ក្នុងការនាំចេញសំបកកង់រថយន្ដ (Video inside)
21-01-2026 17:24
(ភ្នំពេញ)៖ ពេញមួយឆ្នាំ២០២៥ កម្ពុជាបានសម្រេចការនាំចេញសំបកកង់រថយន្ដ ក្នុងទំហំទឹកប្រាក់ ១ ៣៨០លានដុល្លារ កើនឡើង៥៧.៨៦% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤ មានចំនួន ៨៧៤លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។
អ្នកជំនាញលើផ្នែកពាណិជ្ជកម្មបានលើកឡើងថា ការកើនឡើងនេះ ដោយសារតែមានការទាកទាញ់វិនិយោគ ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឲ្យរោងចក្រ ផលិតសំបកកង់រថយន្ដ មកដាក់ទុនវិនិយោគ នៅក្នុងប្រទេសកម្ពុជា ធ្វើឲ្យកម្ពុជាឈានដល់ការនាំចេញសំបកកង់រថយន្ដ។
បច្ចុប្បន្នកម្ពុជា មានរោងចក្រផលិតសំបកកង់រថយន្ដចំនួន៧ ដែលកំពុងតែដំណើរការរួមមាន៖ នៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តក្រចេះ។
បើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ, កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤៤៨ ០៥១ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ៣៤៦ ៨៤២ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ១០១ ២០៨ហិកតា ស្មើនឹង២៣%។
ចំណូលសរុបគិតត្រឹមខែធ្នូ ឆ្នាំ២០២៥ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៨៣២ ៤៨៤ ៩២៦ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញ ជ័រកៅស៊ូ ចំនួន២២៣ ០៤១ ២៥៩ដុល្លារ, ចំណូលលក់ជ័រកៅស៊ូក្នុងស្រុក ចំនួន២២៣ ០៤១ ២៥៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូចំនួន ៦ ១៩៩ ០៧៣ដុល្លារ។
សូមជម្រាបថា ពេញមួយឆ្នាំ២០២៥ ការគ្រប់គ្រងប្រមូលផលកែច្នៃ និងធុរកិច្ច នៅតាមបណ្តាក្រុមហ៊ុន ចម្ការកៅស៊ូ និងកៅស៊ូគ្រួសារ មានដំណើរការជាធម្មតា និងពុំមានផលប៉ះពាល់ជាអវិជ្ជមាន បណ្ដាមកពីបញ្ហាជម្លោះព្រំដែននោះទេ៕









