អគ្គលេខាធិការគណៈកម្មការធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ជំរុញឱ្យបណ្តាក្រុមហ៊ុនក្នុងស្រុក រួមគ្នាវិនិយោគលើវិស័យចិញ្ចឹមមាន់ ដើម្បីកាត់បន្ថយការពឹងផ្អែកពីបរទេស
23-01-2026 11:12
(ភ្នំពេញ៖ លោក ផល សុជាតិ អគ្គលេខាធិការគណៈកម្មការធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ បានថ្លែងជំរុញឱ្យបណ្តាក្រុមហ៊ុនក្នុងស្រុក រួមគ្នាវិនិយោគលើវិស័យឧស្សាហ៍កម្មផលិតកូនមាន់ និងចិញ្ចឹមមាន់ ក្នុងស្រុកឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីរួមចំណែកកាត់បន្ថយការនាំចូលសត្វមាន់ពីបរទេស និងបង្កើតការងារជូនប្រជាពលរដ្ឋក្នុងស្រុកឱ្យបានកាន់តែច្រើនបន្ថែមទៀត។
លោក ផល សុជាតិ បានថ្លែងដូចនេះនាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នាឱកាសការអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃកិច្ចព្រមព្រៀងរៀបចំការផលិតកូនមាន់ និងការចិញ្ចឹមមាន់ និងឈានដល់ការបង្កើតកន្លែងសត្តឃាតមាន់ ដើម្បីផ្គត់ផ្គង់លើទីផ្សារ ជាពិសេសអាហារអាឡាល់ ដែលរួមសហការរវាងក្រុមហ៊ុន THOMLANG JAPAN CO., LTD., HALAL PARK CAMBODIA CO., LTD. And DCON DEVELOPMENT & IMPORT EXPORT CO., LTD នៅទីស្ដីការគណៈរដ្ឋមន្រ្ដី។
គោលបំណងចុះអនុស្សរណៈនៃកិច្ចព្រមព្រៀង ដើម្បីលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈវិស័យកសិកម្ម ឧស្សាហកម្ម វិស័យសុវត្ថិភាពចំណីអាហារ និងសន្តិសុខស្បៀងអាហារនៅទូទាំងប្រទេសកម្ពុជា ដែលគម្រោងនេះត្រូវបានអភិវឌ្ឍន៍ឡើងគណៈកម្មាធិការជាតិភូមិមួយផលិតផលមួយ។
ថ្លែងនាឱកាសនោះលោក ផល សុជាតិ បានបញ្ជាក់ឱ្យដឹងថា «តាមរយៈកិច្ចព្រមព្រៀងមួយនេះ វាគឺជាការបើកទំព័រថ្មីមួយទៀតសម្រាប់វិស័យកសិកម្មនៅកម្ពុជា ដែលវាបានក្លាយទៅជាទំព័រថ្មីមួយក្នុងការវិនិយោគទៅលើវិស័យឧស្សាហកម្មចិញ្ចឹម មាន់ ទា នៅក្នុងស្រុកយើងដែរ ខ្ញុំជឿជាក់ថា យើងនឹងកាត់បន្ថយការពឹងផ្អែកទៅលើក្រុមហ៊ុនបរទេសបានមួយចំនួន ក៏ប៉ុន្តែយើងជំរុញឱ្យមានកើនឡើងក្រុមហ៊ុនក្នុងស្រុក ដើម្បីវិនិយោគនៅលើវិស័យចិញ្ចឹមមាន់នេះ»។
លោក ផល សុជាតិ បានបញ្ជាក់ដែរថា តាមរយៈការចូលរួមចំណែករវាងក្រុមហ៊ុនធំទាំង ៣នេះ ក្នុងការរួមគ្នាវិនិយោគរៀបចំការផលិតកូនមាន់ និងការចិញ្ចឹមមាន់ និងឈានដល់ការបង្កើតកន្លែងសត្វឃាត់មាន់ ដើម្បីផ្គត់ផ្គង់លើទីផ្សារ ជាពិសេសអាហារអាឡាល់នេះ នឹងរួមចំណែកជួយបង្កើតការងារបន្ថែមដល់ប្រជាពលរដ្ឋ និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយដល់ប្រទេសក្នុងកម្ពុជា ឱ្យឆាប់សម្រេចបានក្នុងចក្ខុវិស័យឆ្នាំ២០៣០ និង ឆ្នាំ២០៥០ ជាប្រទេសមានចំនូលខ្ពស់។
លោក ផល សុជាតិ បានបន្ថែមថា តាមរយៈការចុះអនុស្សរណៈយោគយល់គ្នានាពេលនេះ នឹងរួមចំណែកផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាកសិករក្នុងវិស័យឧស្សាហកម្មចិញ្ចឹមមាន់នេះ ដែលធ្លាប់តែជួបប្រទះតម្លៃកូនមាន់ឡើងថ្លៃនោះ នឹងបន្តមកនៅក្នុងតម្លៃសមរម្យ ហើយកូនមាន់មានគុណភាពល្អ និងមានភាពធន់នឹងលក្ខខណ្ឌនៃប្រទេសកម្ពុជា ហើយក៏ធ្វើឱ្យការចិញ្ចឹមមាន់របស់កសិករទទួលបានតម្លៃមួយល្អ និងអាចធ្វើការប្រកួតប្រជែងក្នុងទីផ្សារបាន។
បើតាមលោក ផល សុជាតិ តាមរយៈការសហការគ្នារវាងក្រុមហ៊ុនទាំង៣នេះ ក្រុមហ៊ុននឹងរួមគ្នាធ្វើយ៉ាងណាផលិតកូនមាន់ ដាក់លក់ក្នុងទីផ្សារឱ្យបានក្នុងមួយឆ្នាំ ២៥លានកូនមាន់ ដែលនេះគឺជាទំហំមួយធំ ដែលអាចជួយកាត់បន្ថយការនាំចូលកូនមាន់ពីក្រៅប្រទេសបានមួយចំនួនផងដែរ៕

















