ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា៖ បើស្រូវមានតម្លៃល្អ និងប្រព័ន្ធធារាសាស្រ្តបន្តវិវឌ្ឍន៍ថែមទៀត នោះការផលិតស្រូវនៅកម្ពុជានឹងលើសពី ១៤លានតោន ដែលធានាទាំងសន្តិសុខស្បៀង និងនាំចេញគ្រប់ផែនការ (Video inside)
23-01-2026 12:06
(ភ្នំពេញ)៖ លោកឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងឲ្យដឹងថា បើស្រូវមានតម្លៃល្អ និងប្រព័ន្ធធារាសាស្រ្តបន្តវិវឌ្ឍន៍ថែមទៀត នោះការផលិតស្រូវនៅកម្ពុជានឹងលើសពី ១៤លានតោន ដែលធានាទាំងសន្តិសុខស្បៀង និងនាំចេញគ្រប់ផែនការ។
ការលើកឡើងរបស់លោកឧកញ៉ា ឡាយ ឈុនហួ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ផលប្រយោជន៍នៃលទ្ធផលនាំចេញអង្ករ១លានតោនរបស់កម្ពុជា»។
លោកឧកញ៉ា ឡាយ ឈុនហួ បានថ្លែងឲ្យដឹងថា ប្រសិនបើយើងសម្លឹងទៅមើលស្បៀង ដូចជាស្បៀងបម្រុងរបស់កម្ពុជា មិនមានអ្វីចោទជាបញ្ហានោះទេ យើងសូមកោតសរសើរប្រទេសកម្ពុជាត្បិតថា ជាប្រទេសតូចតែអាចផលិតស្បៀងរហូតដល់ ១៤លានតោន ដូច្នេះនៅថ្ងៃអនាគតការផលិតស្បៀងនឹងកើនឡើងលើសនេះទៅទៀត បើស្រូវមានតម្លៃល្អ និងប្រព័ន្ធធារាសាស្រ្ដមានការអភិវឌ្ឍន៍។
លោកឧកញ៉ា ឡាយ ឈុនហួ បានបន្ដថា សហព័ន្ធស្រូវអង្ករកម្ពុជាមានសមាជិកប្រមាណជាង ២៥០សហគ្រាស ក្នុងនោះរោងចក្រខ្នាតធំមានប្រមាណ៨០-១០០រោងចក្រដែលកិន និងបម្រើការនាំចេញប្រមាណ៦០ម៉ឺន ទៅ១លានតោន។ ក្នុងនោះបញ្ហាស្បៀង និងស្បៀបម្រុងក៏ដូចជា ការបម្រុងស្បៀងផ្សេងៗ គឺពឹងផ្អែកលើរោងម៉ាស៊ីនខ្នាតតូច មានប្រមាណជាង ១០០រោងម៉ាស៊ីន ដែលធ្វើការលក់ក្នុងទីផ្សាររបស់កម្ពុជា៕
សូមស្តាប់ការលើកឡើងរបស់លោកឧកញ៉ា ឡាយ ឈុនហួ៖








