របាយការណ៍ធនាគារជាតិ៖ ការលក់ផ្ទះនៅក្នុងឆ្នាំ២០២៥ កើនឡើងជាង៣០% ខណៈការលក់ខុនដូថយចុះជាង ១៩% (Video inside)
24-01-2026 16:28
(ភ្នំពេញ)៖ បើតាមរបាយការណ៍ប្រចាំឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ការលក់ផ្ទះនៅក្នុងឆ្នាំ២០២៥ បានកើនឡើងជាង៣០ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ខណៈការលក់ខុនដូ ថយចុះជាង ១៩ភាគរយ។
របាយការណ៍បានសរសេរថា «ការលក់ផ្ទះ បានកើនឡើង ៣០.៥% ក្នុងឆ្នាំ២០២៥ (-១៨% នាឆ្នាំ២០២៤) ដែលជំរុញដោយតម្រូវការអចលនទ្រព្យ ដែលមានតម្លៃសមរម្យ និងភាពងាយស្រួលជាងមុន ក្នុងការកក់ប្រាក់ដំបូង ខណៈការលក់ខុនដូថយចុះ -១៩,៦% (៣៥.៦% ឆ្នាំមុន)»។
ទោះបីជាយ៉ាងនេះក្ដី របាយការណ៍បានឲ្យដឹងថា វិស័យអចលនទ្រព្យ ត្រូវបានប៉ាន់ស្មានថា បន្តមានកំណើនយឺតត្រឹម ០.៥% ធៀបនឹង០.៩% នាឆ្នាំ២០២៤ ដែលរួមចំណែកគាំទ្រ ដោយការកើនឡើងសកម្មភាពលក់ផ្ទះ និងការផ្គត់ផ្គង់ខុនដូ ដែលមានតម្លៃសមរម្យ ក្នុងទីផ្សារជាពិសេស នៅក្នុងរាជធានីភ្នំពេញ ខណៈដែលថ្លៃអចលនទ្រព្យមាន ការថមថយ។
ស្របពេលជាមួយគ្នានេះ សន្ទស្សន៍ថ្លៃលំនៅឋាន (RPPI) បានថយចុះជាមធ្យម -៣.៤% ដែលក្នុងនោះនៅរាជធានីភ្នំពេញ បានថយចុះ ៣.៦% និងនៅតាមបណ្តាខេត្តថយចុះ ១.៩%។
លើសពីនេះ ឥណទានពីប្រព័ន្ធធនាគារសម្រាប់ទិញលំនៅឋានជាកម្មសិទ្ធិផ្ទាល់ខ្លួន ត្រូវបានប៉ាន់ស្មានថា នឹងបន្តថយចុះមកត្រឹម -៩% (-៥% ក្នុងគ្រាដូចគ្នាឆ្នាំមុន)។
ធនាគារជាតិនៃកម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកទឹកចិត្តឱ្យអតិថិជនដែលបង់រំលស់ដោយផ្ទាល់ ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងការធ្វើបុនហិរញ្ញប្បទាន (បុនហិរញ្ញប្បទាន គឺជាការផ្តល់ឥណទានថ្មីឡើងវិញ) ជាមួយនឹងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលអាចផ្ដល់ឥណទានទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ ដែលមានលក្ខខណ្ឌសមស្រប។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News អ្នកជំនាញលើវិស័យអចលនទ្រព្យ លោកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ PropNex បានឲ្យដឹងថា នៅឆ្នាំ២០២៥ សង្កេតឃើញថា អ្នកវិនិយោគភាគច្រើនផ្ដោតលើអចលនទ្រព្យដែលបានសង់រួចរាល់ ដើម្បីជៀសវាងហានិភ័យផ្សេងៗ។
លោកស្រី អាន សុធីតា បានថ្លែងថា «កំណើននេះ ភាគច្រើនទៅលើអចលនទ្រព្យ ដែលមានតម្លៃសមរម្យក្រោម៥ម៉ឺនដុល្លារ ដោយសារមានគម្រោងថ្មីៗ ប៉ុន្ដែបើនិយាយសរុប អំពីតម្លៃនៃអចលនទ្រព្យ មិនទាន់មានការកើនឡើងនោះទេ»។
ចំពោះនៅក្នុងឆ្នាំ២០២៦នេះ អ្នកជំនាញលើវិស័យអចលនទ្រព្យយល់ឃើញថា ទីផ្សារក្នុងស្រុកនឹងខ្ពស់ជាង តម្រូវការទីផ្សារបរទេស ដោយសារអ្នកវិនិយោគបរទេសភាគច្រើន ផ្ដោតលើការវិនិយោគ ហើយក្នុងស្ថានភាពសេដ្ឋកិច្ចបែបនេះ តម្រូវការវិនិយោគពីក្រៅប្រទេស ក៏មានការថយចុះផងដែរ៕








