កម្ពុជាទទួលបានចំណូលជាង ៦.៤ពាន់លានដុល្លារ ពីការនាំចេញកសិផល ក្នុងឆ្នាំ២០២៥
25-01-2026 08:57
(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានចំណូលពីនាំចេញផលិតផលកសិកម្មគ្រប់អនុវិស័យប្រមាណ ៦ ៤៦០ ៦១១ ៩៣៦,៣២ ដុល្លារអាម៉េរិក កើនឡើង ៧.៣១% ធៀបទៅនឹងឆ្នាំ ២០២៤ ដែលសម្រេចបាន ៦ ០២០ ៦៧៩ ៤០៦.៣០ ដុល្លារអាម៉េរិក។ នេះបេីយោងតាមអ្នកនាំពាក្យក្រសួងកសិកម្មលោក ឃឹម ហ្វីណង់ បានប្រាប់បណ្តាញព័ត៍មាន Fresh News។
ក្នុងនោះការនាំចេញអង្ករបានកើនឡើងពី ៥៥២ ២២០ ៥៦០ ដុល្លារអាម៉េរិកនៅឆ្នាំ ២០២៤ រហូតដល់ ៧៤៩ ៤៣៥ ៨៣៧ ដុល្លារអាម៉េរិកនៅឆ្នាំ ២០២៥ ដែលជាកំណើនជាង ១៩៧ លានដុល្លារអាមេរិក ឬប្រមាណ ៣៥.៧១% ដោយសហភាពអឺរ៉ុបនៅតែជាទីផ្សារធំជាងគេរបស់អង្ករកម្ពុជា ប៉ុន្តែទីផ្សារចិន និងអាស៊ាន ក៏បានបង្កើនការទិញផងដែរដោយប្រៀបធៀបឆ្នាំ ២០២៥ ទៅនឹងឆ្នាំ ២០២៤ មានកំណើននាំចេញអង្ករគិតជាតោនទៅទីផ្សារប្រទេសចិនប្រមាណ ៩៨.៨៨% នៅទៅទីផ្សារអាស៊ានប្រមាណ ១១៨.៤២%។
ការនាំចេញចំណីសត្វក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយឆ្នាំ២០២៥មានការនាំចេញប្រមាណ ២១៧ ២៨១ ៣៣០ មានការកើនឡើងជាង ៧៥ លានដុល្លារ ឬ ៥៣.០២% បើធៀបទៅនឹងការនាំចេញ ១៤១ ៩៩៨ ៥៤០ ដុល្លារសម្រេចបានកាលពីឆ្នាំ ២០២៤៕













