យល់ដឹងពីជំនួញ៖ ការនាំចេញអង្ករ ដែលវេចខ្ចប់ក្រោមផ្លាកសញ្ញា «កម្ពុជា» ឱ្យបានច្រើន នឹងជួយលើកកម្ពស់ម៉ាកផលិតផលខ្មែរនៅលើទីផ្សារអន្តរជាតិ
25-01-2026 12:49
(ភ្នំពេញ)៖ ដើម្បីលើកកម្ពស់កិត្តិនាមអង្ករខ្មែរ នៅលើទីផ្សារ សហព័ន្ធស្រូវអង្ករកម្ពុជា បានព្យាយាមនាំចេញអង្ករ ដែលវេចខ្ចប់សម្រេចដោយដាក់ផ្លាកសញ្ញាម៉ាករបស់ «កម្ពុជា» ឱ្យបានច្រើន។
ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ថា ការបង្កើតម៉ាកសញ្ញាផ្ទាល់ នឹងជួយលើកកម្ពស់ម៉ាកផលិតផលខ្មែរនៅលើទីផ្សារអន្តរជាតិ និងអាចគ្រប់គ្រងគុណភាពអង្ករខ្មែរបាន ព្រមទាំងអាចបង្កើតតម្លៃបន្ថែមបានផងដែរ។
លោកបានឱ្យដឹងថា បច្ចុប្បន្ននេះ អង្ករដែលវេចខ្ចប់មានម៉ាកសញ្ញាកម្ពុជា ភាគច្រើនត្រូវបាននាំចេញយកទៅលក់នៅទីផ្សារអឺរ៉ុប និងទីផ្សារមួយចំនួនទៀត ដូចជានៅតំបន់អាហ្រ្វិក និងអាមេរិកជាដើម។
តែយ៉ាងណា ការបង្កើតម៉ាកសញ្ញានៅលើទីផ្សារអន្តរជាតិ មិនមែនជាងាយស្រួលនោះទេ ហើយត្រូវការរយៈពេលវែង ដោយសារកម្ពុជាកំពុងបរិបទជំរុញការនាំចេញអង្ករ និងកំពុងបញ្រ្ជាបឱ្យស្គាល់ពីគុណភាពម្តងបន្តិចៗ ខណៈទីផ្សារខ្លះពិបាកក្នុងការវេចខ្ចប់ជាផលិតផលសម្រេច ដោយសារគោលការណ៍កំណត់របស់គេ៕




