គយកម្ពុជា ផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តផែនការសកម្មភាពឆ្នាំ២០២៦ ដែលផ្តោតសំខាន់លើការលម្អកិច្ចសម្រួលពាណិជ្ជកម្ម និងការពង្រីកការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន
27-01-2026 21:15
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ មានរៀបចំវេទិកាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តផែនការសកម្មភាពឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមានសមាសភាពចូលរួមពីតំណាងសមាគមធុរជន, អ្នកនាំចេញ-នាំចូល, ជើងសាគយ, អ្នកជំនាញការ, មន្ត្រីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ត្រីគយនិងរដ្ឋាករជាច្រើនរូបទៀត។
ថ្លែងក្នុងមតិចាប់អារម្មណ៍ លោកបណ្ឌិត គុណ ញឹម បានគូសរំលេចពីសារៈសំខាន់នៃកម្មវិធីផ្សព្វផ្សាយនាពេលនេះ ដែលជាឱកាសសម្រាប់ឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អាចជម្រាបអំពីសមិទ្ធផលការងារដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាសម្រេចបាននៅពេលកន្លងមក ក៏ដូចជាទិសដៅការងារដែលអគ្គនាយកដ្ឋាន បានដាក់ចេញសម្រាប់ឆ្នាំ២០២៦ ជូនដល់ដៃគូអភិវឌ្ឍន៍ និងផ្នែកឯកជន ដើម្បីឱ្យភាគីពាក់ព័ន្ធអាចយល់ដឹង និងចូលរួមផ្ដល់កិច្ចសហការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋាន។
លោករដ្ឋមន្ត្រីប្រតិភូបានជម្រាបថា ផែនការសកម្មភាពប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ត្រូវបានរៀបចំឡើងស្របតាមឯកសារ និងផែនការយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលរួមមាន យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, យុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា,វិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩, យុទ្ធសាស្ត្រកែទម្រង់និងទំនើបកម្មគយឆ្នាំ២០២៤-២០២៨ ជាដើម ក៏ដូចជាស្របតាមកាតព្វកិច្ចរបស់កម្ពុជា ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងអន្តរជាតិនានាដែលកម្ពុជាជាសមាជិក ដែលមានជាអាទិ៍ កិច្ចព្រមព្រៀងស្ដីពីកិច្ចសម្រួលពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងទ្វេភាគី, និងសន្ធិសញ្ញាអន្តរជាតិនានា ពាក់ព័ន្ធនឹងការងារគយ។
វេទិកាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តផែនការសកម្មភាពឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានប្រព្រឹត្តទៅដោយមានការធ្វើបទបង្ហាញរបស់តំណាងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លើប្រធានបទចំនួន ៤ គឺ «សកម្មភាពគន្លឹះផែនការសកម្មភាពឆ្នាំ២០២៦ របស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា», «ការកែទម្រង់ច្បាប់ និងបទប្បញ្ញត្តិ», «គោលនយោបាយពន្ធនិងអាករ និងកិច្ចសម្រួលពាណិជ្ជកម្ម», និង «ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅក្នុងកិច្ចប្រតិបត្តិការគយ» និងមានកិច្ចពិភាក្សា សំណួរ-ចម្លើយផងដែរ។
គួរបញ្ជាក់ផងដែរថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាតែងរៀបចំផែនការសកម្មភាពការងារជារៀងរាល់ឆ្នាំហើយក្នុងផែនការសកម្មភាពឆ្នាំ២០២៦នេះ មានបែងចែកជា ៣ផ្នែកសំខាន់ៗ គឺ (១) ការពង្រឹងគោលនយោបាយពន្ធអាករ និងការងារបច្ចេកទេសគយ, (២) កិច្ចសម្រួលពាណិជ្ជកម្ម, អនុលោមភាពនិងការអនុវត្តច្បាប់, និងការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, និង (៣) ការពង្រឹងសមត្ថភាពស្ថាប័នគយ។
ក្នុងនោះ ការជំរុញកែលម្អកិច្ចសម្រួលពាណិជ្ជកម្ម និងការពង្រីកនិងពង្រឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ត្រូវបានចាត់ទុកជាអាទិភាពចម្បងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
















