អ្នកឧកញ៉ា គិត ម៉េង៖ ឆ្នាំ២០២៦ នឹងក្លាយជាឆ្នាំនៃការជំរុញសន្ទុះសេដ្ឋកិច្ចឱ្យកាន់តែលឿន
28-01-2026 11:56
(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានមានប្រសាសន៍ថា ឆ្នាំ២០២៦នេះ នឹងក្លាយជាឆ្នាំនៃការជំរុញសន្ទុះសេដ្ឋកិច្ចឱ្យកាន់តែលឿន ខណៈកំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ក្នុងកម្រិត ៥.០% ។
អ្នកឧកញ៉ា គិត ម៉េង គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងពិធីមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់សភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ។
អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ យ៉ាងដូច្នេះថា «ឆ្នាំ២០២៦ នឹងក្លាយជាឆ្នាំនៃការជំរុញសន្ទុះសេដ្ឋកិច្ចឱ្យកាន់តែលឿន។ ខណៈដែលកំណើនសេដ្ឋកិច្ចជា តិត្រូវបានព្យាករណ៍ក្នុងកម្រិត ៥,០% សភាពាណិជ្ជកម្មកម្ពុជា ត្រូវជំរុញវិស័យឯកជន ឲ្យត្រូវតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល»។
ជាមួយគ្នានេះ អ្នកឧកញ៉ា គិត ម៉េង បានបន្តណែនាំដល់ ប្រធានសភាពាណិជ្ជកម្មខេត្តទាំងអស់ សូមធ្វើការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងសហគ្រាសធុនតូចនិងមធ្យមក្នុងខេត្តរបស់ខ្លួន ព្រមទាំងធ្វើជាចំណុចបង្គោលសម្រាប់ការរៀបចំសហគ្រាសធុនតូចនិងមធ្យម ឱ្យចូលក្នុងប្រព័ន្ធផ្លូវការ ដើម្បីឱ្យពួកគេទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាតិ ។
ទន្ទឹមគ្នានេះ ប្រធានតំណាងនៅក្រៅប្រទេស ត្រូវដើរតួជាអ្នកតភ្ជាប់ទំនាក់ទំនងធុរកិច្ចជួរមុខ។ រៀបចំជំនួបពិភាក្សាធុរកិច្ច (B2B Matchmaking) ដែលនាំទៅដល់ការចុះអនុស្សរណៈយោគយល់ (MOU) ពិតប្រាកដ រវាងក្រុមហ៊ុនបច្ចេកវិទ្យាបរទេស និងប្រតិបត្តិករតំបន់សេដ្ឋកិច្ចពិសេស (SEZ) ក្នុងស្រុក ។ ប្រើប្រាស់វេទិការបស់ខ្លួន ដើម្បីកែប្រែមតិអន្តរជាតិ និងបង្ហាញថា កម្ពុជា ជា «ច្រកទ្វារដែលគាំទ្រធុរកិច្ចទៅកាន់អាស៊ាន»។
អ្នកឧកញ៉ា មានប្រសាសន៍បន្ថែមថា «ទៅមុខទៀត ខ្ញុំរំពឹងថា សមាជិកសភាពាណិជ្ជកម្មកម្ពុជាគ្រប់រូបនឹងចងចាំជានិច្ចថា យើងគឺជាតំណាងវិស័យឯកជន។ ស្មារតីចូលរួមដោយស្ម័គ្រចិត្តរបស់យើង ធ្វើឱ្យយើងរឹងមាំ។ ចូលរួមទាំងអស់គ្នាបំពេញការងារដោយកិត្តិយស សុចរិត និង ផ្តោតលើវិបុលភាពប្រជាជន ដោយឥតងាករេ»៕















