ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ប្រកាសមិនពាក់ព័ន្ធជាមួយ Tether USD (USDT) ដែលជាទ្រព្យសកម្មគ្រីបតូ (Cryptoassets) នោះទេ

28-01-2026 18:27

(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានបញ្ជាក់ថា ធនាគារ ARDB មិនពាក់ព័ន្ធជាមួយ Tether USD (USDT) ដែលជាទ្រព្យសកម្មគ្រីបតូ (Cryptoassets) និងកំពុងអនុវត្តយ៉ាងតឹងរឹងស្របតាមច្បាប់ ចំពោះប្រតិបត្តិការពាក់ព័ន្ធ។

ក្នុងសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ ក្នុងគោលបំណងធ្វើឱ្យមានការភ័ន្តច្រឡំមួយចំនួន ដែលទាញភ្ជាប់អាជីវកម្មរបស់ធនាគារ ARDB ពាក់ព័ន្ធជាមួយ Tether USD (USDT) ដែលជាទ្រព្យសកម្មគ្រីបតូ (Cryptoassets) ។

ធនាគារ ARDB មិនដែលចូលរួមក្នុងប្រតិបត្តិការជួញដូរ ផ្ទេរ លើកទឹកចិត្តអតិថិជនឱ្យប្រើប្រាស់សម្រាប់ការទូទាត់ ការវិនិយោគ ឬការទទួលបានទំនិញ/សេវា ពាក់ព័ន្ធនឹង USDT នោះទេ។

ធនាគារ ARDB បាននឹងកំពុងអនុវត្តយ៉ាងតឹងរឹងស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន របស់ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរហិរញ្ញវត្ថុ ចំពោះប្រតិបត្តិការ ពាក់ព័ន្ធនឹងទ្រព្យសកម្មគ្រីបតូ (Cryptoassets) និង សហការជាប្រចាំជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការទប់ស្កាត់បទល្មើសហិរញ្ញវត្ថុនៅកម្ពុជា។

ធនាគារ ARDB សូមរក្សាសិទ្ធិ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ លើបុគ្គលទាំងឡាយណា ដែលធ្វើឱ្យអតិថិជន និងសាធារណជនមានការភាន់ច្រឡំចំពោះ ធនាគារ ARDB ដែលធ្វើឱ្យបាត់បង់ផលប្រយោជន៍ និង កេរ្តិ៍ឈ្មោះ របស់ធនាគារ ARDB និងថ្នាក់ដឹកនាំរបស់ធនាគារ ARDB។

ធនាគារARDB សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច បន្តទប់ស្កាត់ និងចាត់វិធានការផ្លូវច្បាប់លើការ ផ្សព្វផ្សាយ នូវព័ត៌មានមិនពិត ដើម្បីធានាជំនឿទុកចិត្ត លើប្រព័ន្ធធនាគារនៅកម្ពុជា៕