កម្ពុជា-អង់គ្លេស ពង្រឹងភាពជាដៃគូសេដ្ឋកិច្ច នៅក្នុងវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា លើកទី៣

29-01-2026 13:14

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា និងស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ បានធ្វើជាម្ចាស់ផ្ទះរួមគ្នា ក្នុងការរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស លើកទី៣ (Third JTIF)។

តាមរយៈការរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស លើកទី៣ ក្រោម ប្រធានបទ «ទស្សនវិស័យកម្ពុជា-ចក្រភពអង់គ្លេស៖ ភាពជាដៃគូឆ្ពោះទៅមុខ ក្នុងបរិបទនៃការផ្លាស់ប្តូរ សកល» ប្រទេសទាំងពីរបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ការលើកកម្ពស់កំណើនប្រកបដោយចីរភាព និងការបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់ធុរកិច្ច។

វេទិកានេះ រៀបចំឡើងក្នុងខណៈពេលដ៏សំខាន់ក្នុងស្ថានភាពនៃការអភិវឌ្ឍ និងមហិច្ឆតារបស់ប្រទេស កម្ពុជា ខណៈពេលដែលប្រទេសកម្ពុជា កំពុងបោះជំហានឆ្ពោះទៅកាន់ ការចាកចេញពីប្រទេសអភិវឌ្ឍន៍ តិចតួចនៅឆ្នាំ២០២៩ និងការប្រកាសរបស់កម្ពុជាក្នុងការដាក់ពាក្យចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុង ជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នាពេលថ្មីៗនេះ។

ប្រទេសកម្ពុជា និងចក្រភពអង់គ្លេសបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់ខ្លួន ចំពោះការធ្វើពាណិជ្ជកម្មដែលអាច ព្យាករណ៍បាន និងផ្អែកលើច្បាប់ ជាមូលដ្ឋានសម្រាប់កំណើន និងទំនុកចិត្តរបស់វិនិយោគិន។

វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា គឺជាវេទិកាទ្វេភាគីចម្បងរវាងប្រទេសកម្ពុជា និងចក្រភព អង់គ្លេស សម្រាប់កិច្ចសន្ទនាគោលនយោបាយ កិច្ចសហប្រតិបត្តិការលើច្រកចូលទីផ្សារ និងការចូល រួមរបស់វិស័យសាធារណៈ-ឯកជន។ វេទិកានេះប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់ អ្នករៀបចំបទប្បញ្ញត្តិ វិនិយោគិន និងថ្នាក់ដឹកនាំអាជីវកម្ម ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី កាត់បន្ថយរបាំង និង ពាណិជ្ជកម្ម និងវិនិយោគរយៈពេលវែងរវាងប្រទេសទាំងពីរ។

កិច្ចប្រជុំ JTIF លើកទី៣ នឹងត្រួសត្រាយផ្លូវដើម្បីប្រែក្លាយកាលានុវត្តភាពទៅជាការធ្វើពាណិជ្ជកម្ម និងវិនិយោគឱ្យបានកាន់តែច្រើនរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស តាមរយៈកិច្ចសហប្រតិបត្តិការ ផ្នែកបទប្បញ្ញត្តិ ភាពជាដៃគូនិងគំនិតផ្តួចផ្តើមនានាដើម្បីពង្រឹងទីផ្សារ ការវិនិយោគ និងការប្រើប្រាស់ ច្រកទីផ្សារ។

កិច្ចសន្ទនារបស់យើងមានគោលបំណងធ្វើឱ្យមានការធ្វើពាណិជ្ជកម្ម និងការវិនិយោគ កើតឡើងជារូបរាងពិតប្រាកដ តាមរយៈការលុបបំបាត់ឧបសគ្គ និងបង្កើនការប្រើប្រាស់ក្របខណ្ឌ អនុគ្រោះពាណិជ្ជកម្ម ដូចជាគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ (DCTS)។

វេទិកានេះរំលេចនូវវឌ្ឍនភាពសម្រេចបានជាក់ស្តែងចាប់តាំងពីវេទិកា JTIF លើកទី២ ដែលបានរៀបចំ ឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលក្នុងនោះរួមមាន៖ ការពង្រឹងការ សម្របសម្រួល គោលនយោបាយ ដែលគ្របដណ្តប់លើវិស័យជាអត្ថប្រយោជន៍សំខាន់ៗរបស់ប្រទេសទាំងពីរ រួមមាន ការសម្របសម្រួល ការនាំចេញ គោលនយោបាយពន្ធដារ ការដាក់ចេញប្រភេទទិដ្ឋាការលើកទឹកចិត្តវិនិយោគ រួមជាមួយ នឹងការកសាងសមត្ថភាពនិងអភិវឌ្ឍជំនាញ ការរៀបចំកិច្ចសន្ទនាស្តីពីការអភិវឌ្ឍទីផ្សារមូលធន និងកិច្ចសហប្រតិបត្តិការ គយ និងការចូលរួមកាន់តែស៊ីជម្រៅរវាងធុរកិច្ចអង់គ្លេស និងកម្ពុជាក្នុងសេវាកម្ម ហិរញ្ញវត្ថុ កម្មន្តសាល ការកែច្នៃកសិកម្ម បច្ចេកវិទ្យា និងការផ្តល់សេវាកម្មផ្នែកច្បាប់ និងវិជ្ជាជីវៈ។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងថា វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នាបានក្លាយជាផ្ទាលចម្បងក្នុងការលើកកម្ពស់ភាពជាដៃគូ ពាណិជ្ជកម្មនិងវិនិយោគរវាងកម្ពុជានិងចក្រភពអង់គ្លេស។ ដោយផ្តោតលើការអនុវត្តបានជាក់ស្តែង និងការចូលរួមដោយសកម្មនិងជាប្រចាំ វេទិកានេះ បានប្រមូលផ្តុំអ្នករៀបចំ គោលនយោបាយ តួអង្គ ពាក់ព័ន្ធ និងភាគីវិស័យឯកជន ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងកាលានុវត្តភាព ដែលបង្កើត បានជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ឈានទៅសម្រេចបានសមិទ្ធផលសម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែមានភាពទូលំទូលាយ និងល្អប្រសើរជាងមុន។

លោកស្រីបន្ដថា «តាមរយៈការពិនិត្យមើលវឌ្ឍនភាពជាក់ស្តែងដែលយើងសម្រេចបាន និងការកំណត់ទិសដៅបន្ត ខ្ញុំមាន ការរំពឹងទុកយ៉ាងធំធេងចំពោះវេទិកា JTIF លើកទី៣ ដែលលទ្ធផលសម្រេចបាននៅក្នុងវេទិកានេះ ខ្ញុំជឿជាក់ថា នឹងអាចបង្កើតនូវកាលានុវត្តភាពថ្មីៗ ដើម្បីជំរុញនិងពង្រឹងភាពជាដៃគូពាណិជ្ជកម្ម និង វិនិយោគរវាងប្រទេសទាំងពីរ នៅក្នុងបរិបទសកលលោកដែលកំពុងផ្លាស់ប្តូរជាបន្តបន្ទាប់»