រដ្ឋមន្រ្តីពាណិជ្ជកម្ម៖ កិច្ចសម្រួលពាណិជ្ជកម្ម ដែលក្រសួងជួយដល់វិស័យឯកជន ដើម្បីផ្តល់ភាពងាយស្រួលដល់ពាណិជ្ជករជាតិ និងអន្តរជាតិនៅកម្ពុជា (Video inside)
29-01-2026 14:13
(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កិច្ចសម្រួលពាណិជ្ជកម្ម ដែលក្រសួងពាណិជ្ជកម្ម ជួយដល់វិស័យឯកជន គឺដើម្បីផ្តល់ភាពងាយស្រួល ដល់ពាណិជ្ជករជាតិ និងអន្តរជាតិនៅកម្ពុជា។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រី ចម និម្មល អញ្ជើញជាអធិបតី ក្នុងពិធីបិទមហាសន្និបាត បូកសរុបលទ្ធផលការងារ សភាពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។
លោកស្រី ចម និម្មល បានបញ្ជាក់យ៉ាងដូច្នេះថា «ចូលរួមបន្ដពិនិត្យដោះស្រាយ នូវក្ដីកង្វល់និងសំណូមពរនានា របស់វិស័យឯកជន តាមជំនួបជាច្រើនលើកច្រើនសារ និងកិច្ចប្រជុំក្រុមការងារ ផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម»។
បន្ថែមពីនោះទៀត លោកស្រី ចម និម្មល បានឲ្យដឹងថា នាពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានធ្វើការអនុញ្ញាតឲ្យមានការកែប្រែ ទម្រង់សហគ្រាសពាណិជ្ជកម្ម ពីការិយាល័យតំណាងពាណិជ្ជកម្ម និងសាខាក្រុមហ៊ុនបរទេស ទៅជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដើម្បីអាចរក្សានូវប្រវិត្ដក្រុមហ៊ុនបាន។
លោកស្រី ចម និម្មល បានលើកទឹកចិត្ត ដល់ការិយាល័យតំណាងសភាពាណិជ្ជកម្មនៅក្រៅប្រទេស ខិតខំទាក់ទាញដៃគូពាណិជ្ជកម្មក្រៅប្រទេស មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា បន្ថែមទៀតផងដែរ។
ជាពិសេសក្នុងវិស័យផលិត និងកែច្នៃកសិ-ឧស្សាហកម្ម និងផលិតផលប្រើប្រាស់ចាំបាច់ផ្សេងៗ សំដៅលើកកម្ពស់តម្លៃបន្ថែម និងអភិវឌ្ឍខ្សែច្រវាក់ផលិតកម្ម ដើម្បីបង្កើនការផ្គត់ផ្គង់ទីផ្សារ និងឈានទៅបង្កើនឧត្តមភាពប្រកួតប្រជែង។ នេះជាការបញ្ជាក់បន្ថែម របស់លោកស្រី ចម និម្មល៕




















