អគ្គនាយកធនាគារ SME លើកឡើងពីលទ្ធភាព ដែលធនាគារអាចបញ្ចុះអត្រាការប្រាក់ឱ្យទាបសមរម្យបាន លុះត្រាតែហ៊ានកាត់បន្ថយប្រាក់ចំណេញ និងព្យាយាមបន្ថយថ្លៃដើម (Video inside)
30-01-2026 16:19
(ភ្នំពេញ)៖ លោក ជា សុភ័ក្ត អគ្គនាយកធនាគារ សហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានលើកឡើងថា បច្ចុប្បន្ននេះ អត្រាការប្រាក់ដែលផ្តល់ដោយធនាគារពាណិជ្ជកម្ម និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជាមធ្យមមានប្រមាណពី៩% ទៅ១០%ក្នុងមួយឆ្នាំ ដែលស្ថិតក្នុងកម្រិតខ្ពស់មួយ បើធៀបនឹងបណ្តាប្រទេសផ្សេងៗក្នុងតំបន់ ដែលមានក្នុងរង្វង់៤% ទៅ៥% ឬទាបជាងនេះ។
លោកយល់ថា កត្តាដែលអាចធ្វើឱ្យអត្រាការប្រាក់នៅកម្ពុជាចុះទាប ស្របតាមលទ្ធភាពអ្នកទទួលកម្ចីបាន គឺលុះត្រាតែបណ្តាធនាគារពាណិជ្ជកម្ម និងមីក្រូហិរញ្ញវត្ថុទាំងនោះ ហ៊ានកាត់បន្ថយប្រាក់ចំណេញប្រចាំរបស់ខ្លួន, ពិនិត្យលទ្ធភាពបន្ថយថ្លៃដើម ដូចជាការកាត់បន្ថយបុគ្គលិកជាដើម និងកត្តាមួយទៀត គឺធនាគារដែលទទួលប្រាក់បញ្ញើមានកាលកំណត់ បន្ទាបអត្រាការប្រាក់។
តែយ៉ាងណាលោកកត់សម្គាល់ថា អត្រាការប្រាក់នៅកម្ពុជានាពេលបច្ចុប្បន្ននេះ ហាក់មានការធ្លាក់ចុះបន្តិច ដោយសារការប្រកួតប្រជែងក្នុងវិស័យធនាគារ។
លោក ជា សុភ័ក្ត លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «ការផ្ដល់ហិរញ្ញប្បទានគាំទ្រផលិតកម្មក្នុងស្រុក ឆ្លើយតបនឹងនិន្នាការជាតិនិយម»៕
សូមស្តាប់ការលើកឡើងទាំងស្រុងរបស់ លោក ជា សុភ័ក្ត៖









