អគ្គនាយកដ្ឋានពន្ធដា ចេញសេក្ដីណែនាំពង្រឹងការអនុវត្តវិធាននៃការចេញវិក្កយបត្រ ចំពោះសកម្មភាពដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ
30-01-2026 19:49
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ បានចេញសេចក្ដីជូនដំណឹងពីការអនុវត្តវិធាន នៃការចេញវិក្កយបត្រ ចំពោះសកម្មភាពដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ ក្រោយឃើញថា សហគ្រាសដែលជាភ្នាក់ងាររបស់សហគ្រាសដឹកជញ្ជូនតាមផ្លូវទឹកជាអន្តរជាតិមួយចំនួន អនុវត្តមិនទាន់បានត្រឹមត្រូវនៅឡើយ ដោយនៅតែបន្តចេញវិក្កយបត្ររបស់សហគ្រាសដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិដែលជាអនិវាសនជន។
ក្នុងគោលបំណងពង្រឹងការអនុវត្តវិធាននៃការចេញវិក្កយបត្រ ចំពោះសកម្មភាពដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្ដរជាតិឲ្យមានសង្គតិភាព សក្តិសិទ្ធិភាព និងត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការណែនាំបន្ថែមដល់លោក លោកស្រីជាអភិបាល បណ្ណាធិការឬកម្មសិទ្ធិករ សហគ្រាសដែលជាភ្នាក់ងារ និងជាគ្រឹះស្ថានអចិន្ត្រៃយ៍របស់សហគ្រាសដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិដែលជាអនិវាសនជន ត្រូវអនុវត្តដូចខាងក្រោម៖
*ទី១៖ សហគ្រាសជាភ្នាក់ងារ ត្រូវចេញវិក្កយបត្រជូនអតិថិជន ក្នុងនាមសហគ្រាសដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិដែលជាអនិវាសនជន ហើយនៅលើវិក្កយបត្រ ត្រូវមានរំលេចឈ្មោះសហគ្រាសដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ
*ទី២៖ សហគ្រាសជាភ្នាក់ងារ ត្រូវប្រើប្រាស់ទម្រង់វិក្កយបត្រដែលមានលេខរៀងវិក្កយបត្រ និងនិទ្ទេសសំខាន់ៗ ស្របតាមវិធាននៃការប្រើប្រាស់វិក្កយបត្រជាធរមាន
*ទី៣៖ ក្នុងករណី សហគ្រាសជាភ្នាក់ងារដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ និងសហគ្រាសដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ ដែលជាអនិវាសនជននៅតែបន្តអនុវត្តមិនបានត្រឹមត្រូវ នោះនឹងត្រូវរងពិន័យទណ្ឌកម្មដូចមានចែងក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន៕






