ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញសារាចរណែនាំ លើកលែងកាតព្វកិច្ចពន្ធកាត់ទុកលើសួយសារ និងការប្រាក់ ក្នុងចំណោមអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស

30-01-2026 19:57

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសារាចរណែនាំ ស្ដីពីលើកលែងកាតព្វកិច្ចពន្ធកាត់ទុកលើសួយសារ និងការប្រាក់ ក្នុងចំណោមអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដើម្បីជួយសម្រួលដល់យន្តការពន្ធកាត់ទុកក្នុង ចំណោមអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស និងលើកកម្ពស់បរិយាកាសធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

តាមរយៈសារាចរណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការណែនាំដូចខាងក្រោម៖

*ទី១៖ លើកលែងកាតព្វកិច្ចពន្ធកាត់ទុកលើសួយសារ និងការប្រាក់ រាល់ការទូទាត់ថ្លៃសួយសារ និងការប្រាក់ក្នុងចំណោមអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដូចគ្នា
*ទី២៖ សហគ្រាសជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលទទួលបានចំណូល ត្រូវកត់ត្រាជាចំណូលជាប់ពន្ធ និងប្រកាសបង់ពន្ធលើប្រាក់ចំណូល ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន
*ទី៣៖ ការលើកលែងកាតព្វកិច្ចកាត់ទុកប្រាក់ពន្ធកាត់ទុកដូចក្នុងចំណុចទី១ខាងលើនេះ លុះត្រាតែចំនួនទឹកប្រាក់នោះ ត្រូវបានកត់ត្រាក្នុងវិក្កយបត្រស្របតាមវិធាន នៃការប្រើប្រាស់វិក្កយបត្រជាធរមាន ដែលបានចេញយ៉ាងត្រឹមត្រូវដោយភាគីអ្នកជាប់ពន្ធ តាមរបបស្វ័យប្រកាសម្ខាងទៀត៕