អ្នកឧកញ៉ា សៀ ឫទ្ធី បង្ហើបថានឹងមានគម្រោងសហការជាមួយវិនិយោគិនអង់គ្លេស វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ (Video inside)
31-01-2026 15:31
(ភ្នំពេញ)៖ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Group និងជាអ្នកជំនួញដែលមានដៃគូសហការវិនិយោគិនជាមួយវិនិយោគិនធំៗពីបរទេស បានបង្ហើបថា នៅពេលខាងមុខលោកនឹងមានគម្រោងសហការជាមួយវិនិយោគិនអង់គ្លេស វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។
តែយ៉ាងនេះក្តី អ្នកឧកញ៉ា សៀ ឫទ្ធី បញ្ជាក់ថា គម្រោងនេះស្ថិតក្នុងការសិក្សានៅឡើយ។
អ្នកឧកញ៉ា សៀ ឫទ្ធី លើកឡើងបែបនេះ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ក្នុងវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា និងចក្រភពអង់គ្លេស (Joint Trade and Investment Forum - JTIF) លើកទី៣ ក្រោមមូលបទ «ទស្សនវិស័យកម្ពុជា-ចក្រភពអង់គ្លេស៖ ភាពជាដៃគូឆ្ពោះទៅមុខ ក្នុងបរិបទនៃការផ្លាស់ប្តូរសកល» នៅទី២៩ ខែមករា ឆ្នាំ២០២៦ នៅសាលសន្និបាតភីអេច ហ្គ្រេនហល បុរីប៉េងហួតបឹងស្នោ។
អ្នកឧកញ៉ា សៀ ឫទ្ធី មានប្រសាសន៍ថា តាមរយៈវេទិកានេះ នឹងជួយទាក់ទាញវិនិយោគិនអង់គ្លេសមកកម្ពុជាបានកាន់តែច្រើន ខណៈការជួបគ្នានេះ កាន់តែបង្កើនភាពជឿជាក់រវាងវិនិយោគិនកម្ពុជា និងវិនិយោគិនមកពីចក្រភពអង់គ្លេស។
វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា និងចក្រភពអង់គ្លេស (Joint Trade and Investment Forum - JTIF) លើកទី៣ រៀបចំឡើងក្រោមវត្តមាន លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ក្នុងគោលដៅពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
ក្នុងវេទិកានេះ ក៏មានការរៀបចំជាកិច្ចពិភាក្សាចំនួន ២ រួមមាន៖ ១. កិច្ចពិភាក្សា ស្តីពី ភាពជោគជ័យនៃពាណិជ្ជកម្ម៖ បរិវត្តកម្មកាលានុវត្តភាពទៅជាសមិទ្ធិផលពាណិជ្ជកម្ម ដែលផ្តោតសំខាន់លើការដោះស្រាយបញ្ហាហិរញ្ញវត្ថុ ការកាត់បន្ថយហានិភ័យអាជីវកម្ម និងការពង្រីងធុរកិច្ចនៅក្នុងវិស័យសក្តានុពល ដែលអ្នកចូលរួមនឹងទទួលបានការយល់ដឹងអំពីតម្រូវការទីផ្សារ និងសារៈសំខាន់នៃភាពជាដៃគូ ដែលជួយជំរុញឲ្យទទួលបានសមិទ្ធិផលពាណិជ្ជកម្ម វិនិយោគជាក់ស្តែង។ និង ២.កិច្ចពិភាក្សា ស្ដីពី ចលករជំរុញពាណិជ្ជកម្ម៖ ការជំនះឧបសគ្គ និងកត្តាជំរុញ ដែលផ្តោតសំខាន់លើយុទ្ធសាស្ត្រពង្រឹងស្តង់ដារអនុលោមភាព ហិរញ្ញវត្ថុ ពាណិជ្ជកម្ម គយ និងភស្តុភារកម្ម ដែលគាំទ្រដោយបរិយាកាសធុរកិច្ចអំណោយផល។
សូមគូសបញ្ជាក់ផងដែរថា ក្នុងវេទិកានេះ មានការរៀបចំស្តង់ពិព័រណ៍តាំងបង្ហាញផលិតផល និងសេវាកម្មផ្សេងៗរបស់ក្រុមហ៊ុនឯកជនកម្ពុជា និងចក្រភពអង់គ្លេស និងមានការរៀបចំកិច្ចពិភាក្សារវាងតំណាងរដ្ឋាភិបាល និងក្រុមហ៊ុនឯកជននៃប្រទេសទាំងពីរ ដើម្បីតាមដានវឌ្ឍនភាពការងារក្រោមក្របខណ្ឌវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា (JTIF) និងកំណត់ទិសដៅការងារបន្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសការពង្រឹងភាពជាដៃគូររវាងវិស័យឯកជននៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត៕












