យល់ដឹងពីជំនួញ៖ ក្រសួងពាណិជ្ជកម្មនឹងអនុញាតអ្នកឱ្យនាំចេញទំនិញ អាចបំពាក់ម៉ាកសញ្ញា «Made in Cambodia» ដើម្បីជួយកសាងទំនុកចិត្តដល់អ្នកប្រើប្រាស់ (Video inside)
01-02-2026 10:39
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មនឹងអនុញាតអ្នកឱ្យនាំចេញទំនិញទៅក្រៅប្រទេសទាំងអស់ អាចបំពាក់ម៉ាកសញ្ញា «Made in Cambodia» ដែលនឹងជួយកសាងទំនុកចិត្តដល់អ្នកប្រើប្រាស់ និងការប្រកួតប្រជែងនៅលើទីផ្សារ និងទទួលបានតម្លៃបន្ថែម។
លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា «នៅពេលអនាគតទំនិញកម្ពុជានៅពេលដែលចេញក្រៅ គឺអាចបំពាក់ផ្លាក «Made in Cambodia» ដែលទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម ដែលជាការបំពេញបន្ថែម និងកសាងទំនុកដល់អ្នកដែលទិញទំនិញរបស់យើង។ មានន័យថា ទម្រាំតែបំពាក់ផ្លាក «Made in Cambodia» ដែលអនុញ្ញាតពីក្រសួងពាណិជ្ជកម្មទៅ គឺត្រូវឆ្លងកាត់នូវប្រវត្តិច្រើនណាស់។ បានន័យផលិតផល អាចឱ្យគេរក ពីដើមកំណើតនៃទំនិញតាំងពីនៅកសិដ្ឋាន នៃការដាំដុះ ហើយត្រូវមានស្តង់ដារខ្ពស់ ទើបអាចក្លាយជាតួអង្គបំពាក់ផ្លាកនេះបាន»។
លោកស្រីមានប្រសាសន៍ថា ទោះបីជាមិនអាចធ្វើបានទាំងអស់ក៏ដោយ ប៉ុន្តែនៅថ្ងៃអនាគតសម្រាប់ផលិតផលដែលស្ថិតក្នុងប្រភេទឧត្តមភាពប្រៀបធៀប ដែលមានការប្រកួតប្រជែងខ្ពស់ ក្រសួងនឹងជំរុញការការពារ កម្មសិទ្ធិបញ្ញា ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់។
លោកស្រី ជឿជាក់ថា ការបំពាក់នូវការម៉ាកសញ្ញានេះ នឹងជំរុញនូវការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិកាន់តែខ្ពស់ ព្រមទាំងផ្តល់នូវទំនុកចិត្តដល់អ្នកប្រើប្រាស់នូវផលិតផលដែលមានគុណភាពខ្ពស់៕












