មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ពន្យល់អំពីចង្ងល់ ហេតុអ្វីកងទ័ពអត់មានបណ្ណ ប.ស ស និងបៀវត្ស មិនបើកតាមប្រព័ន្ធធនាគារ? (Video inside)

02-02-2026 15:49

(ភ្នំពេញ)៖ លោក ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពន្យល់ពីចម្ងល់ ដែលរដ្ឋាភិបាលមិនបើកបៀវត្សតាមប្រព័ន្ធធនាគារ និងមិនធ្វើបណ្ណ ប.ស ស ជូនកងទ័ព ដោយសារពាក់ព័ន្ធនឹងកិច្ចការការពារជាតិ។

លោក ចាន់ សុធី គូសបញ្ជាក់បែបនេះ ធ្វើឡើង ក្នុងវេទិកាសាធារណៈ ស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២៦ ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ​នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ។

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះបានបញ្ជាក់ថា ទោះបីជា កងទ័ពមិនមាន បណ្ណ ប.ស ស ដើម្បីចូលព្យាបាលជំងឺនៅតាមមន្ទីរពេទ្យយោធា ដោយឥតគិតថ្លៃក៏ដោយ ប៉ុន្តែរដ្ឋាភិបាលបានពង្រឹងមន្ទីរពេទ្យយោធា ដើម្បីផ្តល់សេវាព្យាបាលជូនកង។ ទន្ទឹមគ្នានេះ ក្នុងពេលកើតមានការប្រយុទ្ធគ្នាកន្លងមក មន្ទីរពេទ្យស៊ីវិលនានា ក៏ទទួលព្យាលបាល ជូនកងទ័ពដោយឥតគិតថ្លៃ។

លោកបានគូសបញ្ជាក់ទៀតថា លើសពីនេះទៅទៀត រដ្ឋាភិបាលថែមទាំងផ្តល់ប្រាក់ឧបត្ថម្ភថ្លៃម្ហូប មួយថ្ងៃ២ម៉ឺនរៀល ជូនដល់យុទ្ធជនដែលកំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យផងដែរ​ ដើម្បីជួយសម្រួលជីវភាពពួកគាត់៕

សូមស្តាប់ការលើកឡើងរបស់លោក ចាន់ សុធី៖