បណ្ឌិតសភាចារ្យ ផាន់ ផល្លា៖ សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ អាចនឹងសម្រេចបានអត្រា៥% ឬលើសពីនេះ ជាមួយការដាក់ចេញគោលនយោបាយសំខាន់ៗមួយចំនួន (Video inside)

02-02-2026 16:52

(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦នេះ អាចនឹងសម្រេចបានក្នុងអត្រា៥% ឬលើសពីនេះ ជាមួយគ្នានេះរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយសំខាន់ៗមួយចំនួន ដើម្បីទ្រទ្រង់កំណើន។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលបណ្ឌិតសភាចារ្យ ផាន់ ផល្លា អញ្ជើញចូលរួម ក្នុងវេទិកាសាធារណៈ ស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិ ឆ្នាំ២០២៦ រៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦។

បណ្ឌិតសភាចារ្យ ផាន់ ផល្លា បានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ឆ្នាំ២០២៦ ជាការព្យាករណ៍កំណើន អាចទាបជាងឆ្នាំ២០២៥បន្ដិច អាចសម្រេចបានក្នុងរង្វង់៥ភាគរយ ដោយសារផលប៉ះពាល់ពីសង្គ្រាម ហើយឃើញថា មានភាពមិនច្បាស់លាស់ច្រើន សម្រាប់ឆ្នាំ២០២៦»

ទោះបីជាយ៉ាងនេះក្ដី បណ្ឌិតសភាចារ្យ ផាន់ ផល្លា បានលើកឡើងថា នៅឆ្នាំ២០២៦ វិស័យធំៗ ដែលជាវិស័យនាំចេញរ​បស់កម្ពុជា ដូចជាវិស័យកាត់ដេរសម្លៀកបំពាក់, ស្បែកជើង និងទំនិញធ្វើដំណើរ អាចមានស្ថានភាពល្អប្រសើរ ហើយនៅត្រីមាសទី១ ឆ្នាំ២០២៦ ការបញ្ជាទិញមានលក្ខណៈល្អប្រសើរ។

ដោយឡែក ចំពោះវិស័យកម្មន្តសាលមិនមែនកាត់ដេរ បណ្ឌិតសភាចារ្យ ផាន់ ផល្លា បានយល់ឃើញថា នឹងបន្ដកំណើនខ្ពស់ផងដែរ ដោយសារតែឆ្នាំ២០២៥ ការវិនិយោគសម្រេចបាន ១០ប៊ីលានដុល្លារ ដែលជាការវិនិយោគពីក្រៅប្រទេស។

បន្ថែមពីនេះទៀត បណ្ឌិតសភាចារ្យ ផាន់ ផល្លា បានឲ្យដឹងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញវិធានការគោលនយោបាយ មួយចំនួនទៀតផងដែរ ដើម្បីសម្រេចឲ្យកំណើនសេដ្ឋកិច្ច នៅក្នុងឆ្នាំ២០២៦ ឲ្យបាន៥ភាគរយ ឬក៏លើសពី៥ភាគរយ។

បណ្ឌិតសភាចារ្យ ផាន់ ផល្លា បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាល ក៏បានគិតគូរក្នុងការជំរុញ ការផលិតផលិតផលនៅក្នុងស្រុក និងមានវិធានការជាក់ស្ដែង ដើម្បីធ្វើយ៉ាងណាកុំថ្ងៃក្រោយ នៅពឹងដង្ហើមប្រទេសជិតខាង លើមុខទំនិញសំខាន់ៗមួយចំនួន។

សូមជម្រាបថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២៥ សម្រេចបានក្នុងកំណើន ៥.២ភាគរយ៕