មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ស្នើសុំការយោគយល់ ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ចំពោះការរក្សាអត្រាបៀវត្សឆ្នាំ២០២៦ ស្មើនឹងឆ្នាំ២០២៥ (Video inside)

02-02-2026 17:09

(ភ្នំពេញ)៖ លោក ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានស្នើសុំការយោគយល់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ចំពោះការរក្សាអត្រាបៀវត្សឆ្នាំ២០២៦ ស្មើនឹងឆ្នាំ២០២៥។

ការស្នើសុំបែបនេះ ធ្វើឡើងក្នុងវេទិកាសាធារណៈ ស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២៦ រៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ។

ពាក់ព័ន្ធនឹងការរក្សាអត្រាបៀវត្សឆ្នាំ២០២៦ ស្មើនឹងឆ្នាំ២០២៥នេះ, លោក ចាន់ សុធី បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមរាជរដ្ឋាភិបាល សូមការយោគយល់ ចំពោះមន្ដ្រីរាជការ ចំពោះការលំបាកនេះ»

លោក ចាន់ សុធី បានគូសបញ្ជាក់ថា រដ្ឋាភិបាលអត់មានឡើងប្រាក់បៀវត្ស ដល់មន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៅក្នុងឆ្នាំ២០២៦នេះក៏ពិតមែន ក៏ប៉ុន្ដែរដ្ឋបានវិភាជថវិកា នៅក្នុងក្របខណ្ឌ នៃការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាលើកទឹកចិត្ដគាំទ្រសម្មតិកម្ម ក្នុងទំហំ១៥លានដុល្លារអាមេរិក។

បើតាមលោករដ្ឋលេខាធិការ, រាជរដ្ឋាភិបាល ចាត់ទុកការដំឡើងប្រាក់បៀវត្សមន្ដ្រីរាជការ គឺជាកិច្ចការអាទិភាព ដែលចង់ឲ្យមានការកើនឡើង ដើម្បីលើកកម្ពស់ជីវភាព របស់មន្ដ្រីរាជការ និងការលើកកម្ពស់គុណភាពសេវាសាធារណៈ។

លោក ចាន់ សុធី បានលើកឡើងថា បច្ចុប្បន្ន ចំណូលរដ្ឋមានការថមថយសន្ទុះ ហើយសម្ពាធនៃការចំណាយ ក៏មានតម្រូវការកើនឡើង។

សូមជម្រាបថា បៀវត្សអប្បបរមារបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ក្នុងឆ្នាំ២០២៦ មានស្ថានភាពដូចខាងក្រោម៖

* បៀវត្សមន្ត្រីរាជការស៊ីវិលទូទៅ ស្មើនឹង ១ ៣៩៦ ៩៥០ រៀល
* បៀវត្សគ្រូបង្រៀន និង គ្រូពេទ្យ ស្មើនឹង ១ ៤៩៦ ៩៥០ រៀល
* បៀវត្សនគរបាលជាតិ (ពលបាលត្រី) ស្មើនឹង ១ ៤៨៣ ៩២៧ រៀល (ដោយគិតបញ្ចូលទាំងរបបអង្ករ)
* បៀវត្សយោធិន (ពលទោ) ស្មើនឹង ១ ៣៤៦ ៥៥០ រៀល (ដោយមិនទាន់គិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលទាំងរបបអង្ករ ស្មើនឹង ១ ៤១៩ ៦៧៥ រៀល។

សម្រាប់ឆ្នាំ ២០២៦ មន្ត្រីជាប់កិច្ចសន្យាទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ៧៩០ ០០០ រៀល។

ដោយឡែក សម្រាប់ប្រាក់បំណាច់របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក៏ដូចជាក្រុមប្រឹក្សា ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ ២០២៦ មានស្ថានភាពដូចខាងក្រោម ៖

* ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត ទទួលបាន ១ ៦៨៥ ០០០ រៀល,
* សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ទទួលបាន ១ ២៨០ ០០០ រៀល,
* ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ទទួលបាន ១ ៣៩៥ ០០០ រៀល,
* សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ទទួលបាន ១ ០៥០ ០០០ រៀល,
* មេឃុំ ចៅសង្កាត់ ទទួលបាន ១ ៣៤៥ ០០០ រៀល,
* ជំទប់ទី១ ទី២ ចៅសង្កាត់រងទី១ ទី២ ទទួលបាន ១ ០០៥ ០០០ រៀល,
* សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទទួលបាន ៨៩៥ ០០០ រៀល,
* មេភូមិ ទទួលបាន ៥៧០ ០០០ រៀល,
* អនុប្រធានភូមិ ទទួលបាន ៤៤៥ ០០០ រៀល,
* សមាជិកភូមិ ទទួលបាន ៤១៥ ០០០ រៀល៕