មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ កុំបារម្ភពីការដំឡើងពិដានកម្ចីដល់ ៣ពាន់លានដុល្លារ នៅឆ្នាំ២០២៦ (Video inside)
02-02-2026 17:57
(ភ្នំពេញ)៖ លោក ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់សាធារណជនថា កុំបារម្ភពីការដំឡើងពិដានកម្ចីដល់ ៣ពាន់លានដុល្លារ នៅឆ្នាំ២០២៦នេះ ខណៈបំណុលសាធារណៈរបស់កម្ពុជា នៅតែស្ថិតក្នុងភាពដែលអាចគ្រប់គ្រងបាន។
លោក ចាន់ សុធី គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២៦ ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ។
បើតាមលោក ចាន់ សុធី ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាលកម្ពុជាបានបង្កើនពិដានកម្ចីប្រមាណ២០០០លាន SDR ទៅ ២២៥០លានSDR ឬប្រមាណ ៣ពាន់លានដុល្លារ តែយ៉ាងនេះក្តីតួលេខនេះគ្រាន់តែជាការដៅទុកប៉ុណ្ណោះ មិនមែនមានន័យថា ជាស្វ័យប្រវត្តិរដ្ឋាភិបាលត្រូវខ្ចីក្នុងទំហំនេះទាំងអស់នោះទេ។
ទន្ទឹមគ្នានេះ រដ្ឋាភិបាលជំរុញការបោះផ្សាយលក់មូលបត្ររដ្ឋ ដើម្បីកៀរគធនធានក្នុងស្រុក បើទោះបីជាការប្រាក់ថ្លៃជាកម្ចីក្រៅប្រទេសក៏ដោយ ដើម្បីឱ្យលុយវិលក្នុងប្រទេស ដោយក្នុងឆ្នាំនេះ រដ្ឋគ្រោងបោះផ្សាយមូលបត្រលក់ប្រមាណ ៥២៤លានដុល្លារ។
យោងតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច គិតមកដល់ដំណាច់ឆ្នាំ២០២៥នេះ បំណុលសាធារណៈរបស់កម្ពុជា បានកើនដល់ជាង ១៣ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ២៦% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស)។ ក្នុងនោះបំណុលសាធារណៈក្នុងប្រទេសចំនួន ២៤៧លានដុល្លារអាម៉េរិក និងបំណុលក្រៅប្រទេសជាង ១២ពាន់លានដុល្លារ។
រាជរដ្ឋាភិបាលបានអនុវត្តប្រកបដោយភាពម៉ឺងម៉ាត់ និងប្រយ័ត្នប្រយែងខ្ពស់នូវ វិធានការជាយុទ្ធសាស្ត្រនានា ដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងបំណុល សាធារណៈជាបន្តបន្ទាប់ ជាពិសេសគោលការណ៍គន្លឹះទាំង ៥ សំដៅបន្តពង្រឹងប្រសិទ្ធភាពខ្ពស់ ទាំងការគ្រប់គ្រងបំណុលសាធារណៈ និងទាំងការគ្រប់គ្រងការវិនិយោគសាធារណៈ រួមមាន៖
១៖ ខ្ចីឥណទានក្នុងទំហំសមស្រប ដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន
២៖ ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះ
៣៖ ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម
៤៖ ប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្តិសិទ្ធភាព ខ្ពស់បំផុត និង
៥៖ ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្តង់ដា និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រង ការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិ នៅក្នុងដំណាក់កាលថ្មី ពិសេសធានាបាន នូវចីរភាពសេដ្ឋកិច្ច, សង្គម, បរិស្ថាន, និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ៕






























