កម្ពុជាកំពុងចរចាចូលជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP ដើម្បីបើកទីផ្សារផលិតផលឱ្យកាន់តែធំ (Video inside)
02-02-2026 19:16
(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់កម្ពុជា បានអះអាងថា កម្ពុជាកំពុងចរចាសុំចូលជាសមាជិកកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដើម្បីបើកទីផ្សារផលិតផលរបស់ខ្លួនឱ្យកាន់តែធំទូលាយ។
ថ្លែងក្នុងវេទិកាសាធារណៈ ស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ បណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឱ្យដឹងដូច្នេះថា «យើងនឹងខិតខំចរចាបន្ថែមបើកទីផ្សារ ហើយឥឡូវនេះយើងកំពុងតែរៀបចំចរចា ដើម្បីស្នើសុំចូលជា កិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP យើងបានស្នើសុំហើយ»។
កិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP គឺជាប្លុកពាណិជ្ជកម្មដែលមានសមាជិកចំនួន១២ រួមមានប្រទេសអូស្ត្រាលី, ប្រ៊ុយណេ, កាណាដា, ឈីលី, ជប៉ុន, ម៉ាឡេស៊ី, ម៉ិកសិក, នូវែលសេឡង់, ប៉េរូ, សិង្ហបុរី, វៀតណាម និងអង់គ្លេស៕






























