គម្រោងតភ្ជាប់​ការដឹកជញ្ជូនភ្ញៀវទេសចរពីកំពង់ផែកំពត-កោះត្រល់ ទទួលបានភ្លើងខៀវហើយ រំពឹងជួយ​ទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា (Video inside)

03-02-2026 16:33

(ភ្នំពេញ)៖ គម្រោងតភ្ជាប់ខ្សែដឹកជញ្ជូនភ្ញៀវទេសចរ តា​មផ្លូវទឹក​​ ទៅមកពីកំពង់ផែកំពត-កោះត្រល់ ទទួលបានភ្លើងខៀវហើយ ដែលរំពឹងថានឹងជួយជំរុញការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀតមកកម្ពុជា ខណៈឆ្នាំ២០២៥ ទេសចរពីវៀតណាម ស្ថិតនៅលំដាប់លេខ១ មកទស្សនានៅកម្ពុជាច្រើនជាងគេ។ នេះបើតាមការឱ្យដឹងពីអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ។ ​

​ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា សួរ វីរៈ ​បានគូសបញ្ជាក់ថា ការចរចាពីគម្រោងតភ្ជាប់ខ្សែដឹកជញ្ជូនភ្ញៀវទេសចរតា​មផ្លូវទឹក​​ ទៅមកពីកំពង់ផែកំពត-កោះត្រល់ ទទួលបានលទ្ធផលល្អច្រើន ដោយរងចាំការសម្រេចចុងក្រោយរបស់ភាគីវៀតណាម ក្នុងការអនុញ្ញាតឱ្យកប៉ាល់វៀតណាម ចូលមកកម្ពុជាបាន ហើយក្នុងខែកុម្ភៈនេះ លោកនឹងបន្តទៅជែកជាមួយភាគីវៀតណាមបន្ថែមទៀត។

បើតាមអ្នកឧកញ៉ា សួរ វីរៈ ក្នុងរយៈពេល៥ខែចុងក្រោយនេះ ភ្ញៀវទេសចរពីវៀតណាម បាន​កើនឡើងគួរឱ្យកត់សម្គាល់។ កំណើននេះមិនមែនតែ​ភ្ញៀវទេសចរជនជាតិវៀតណាមនោះទេ សូម្បីភ្ញៀវទេសចរបរទេស ដែលឆ្លងកាត់ពីវៀតណាម មកកម្ពុជាក៏មានចំនួនច្រើនផងដែរ បន្ទាប់ពីកម្ពុជាបានប៉ះទង្គិចជាមួយថៃ។ ជាក់ស្តែងលំហូរភ្ញៀវ ដែលធ្វើដំណើររវាងកម្ពុជា -វៀតណាម តាមរថយន្តវីរៈ ប៊ុនថាំ មានការកើនឡើងស្ទើរតែ៣០០%។ លោកថា កន្លងមកការធ្វើដំណើរពីភ្នំពេញ-ហូជីមិញ មួយថ្ងៃមានតែ ៦ជើងប៉ុណ្ណោះ តែបច្ចុប្បន្ននេះ បានពង្រីករហូតដល់១៤ជើងក្នុងមួយថ្ងៃ។

លោកមានសុទិដ្ឋនិយមថា ការតភ្ជាប់​ការដឹកជញ្ជូនភ្ញៀវទេសចរតា​មផ្លូវទឹក​​ នឹងជះឥទ្ធិពលជាវិជ្ជមានដល់ការទាក់ទាញភ្ញៀវទេសអន្តរជាតិមកកម្ពុជា។

យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ ក្នុងឆ្នាំ២០២៥នេះ កម្ពុជា​កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៥.៥ លាននាក់ ក្នុងនោះទេសចរវៀតណាមឈរនៅលំដាប់លេខទី១ ដែលមានចំនួន១.២២ លាននាក់៕