អ្នកនាំពាក្យពាណិជ្ជកម្ម៖ បញ្ហាកកស្ទះដំឡូងមីចូលទៅប្រទេសវៀតណាម ត្រូវបានដោះស្រាយ និងត្រឡប់មកប្រក្រតីភាពឡើងវិញ (Video inside)
03-02-2026 16:46
(ភ្នំពេញ)៖ លោក បែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ថា បញ្ហាកកស្ទះដំឡូងមីកម្ពុជានាំចូលទៅវៀតណាម តាមច្រកព្រំដែនក្នុងខេត្តត្បូងឃ្មុំ បានត្រឡប់មកប្រក្រតីភាពឡើងវិញ។
ក្រោយមានការបង្ហោះ និងចែកចាយនៅលើបណ្ដាញ ពាក់ព័ន្ធនឹងការកកស្ទះរថយន្តដឹកដំឡូងមីជាច្រើនគ្រឿង នៅច្រកព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ មិនអាចនាំចូលទៅកាន់វៀតណាមបាន ពេលនេះត្រូវបានដោះស្រាយក្រោមកិច្ចសហការរបស់ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរមានសមត្ថកិច្ច។
បើតាមការបញ្ជាក់របស់លោក បែន សុវិជាតិ បានឱ្យដឹងថា ប្រទេសវៀតណាម ចាប់ផ្ដើមដាក់ចេញនូវសារាចរថ្មីមួយ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ដោយមានការណែនាំឱ្យធ្វើការត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ លើទំនិញជាម្ហូបអាហារ និងទំនិញដែលអាចបម្លែងជាអាហារ ដើម្បីបង្ការការពារពីជម្ងឺឆ្លងតាមចំណីអាហារ។
លោកបានបន្តថា «ភ្លាមៗក្រោយមានករណីនេះ ក្រសួងពាក់ព័ន្ធបានចាប់ដៃសហការគ្នាដោះស្រាយបញ្ហានេះ ដើម្បីរៀបចំឯកសារបញ្ជាក់វិញ្ញាបនបត្រភូតគាមអនាម័យ និងនីតិវិធីផ្សេងៗ ដែលអាចអនុញ្ញាតឱ្យរថយន្តដឹកដំឡូងមីទាំងស្ងួត និងស្រស់ជាង ៥០០គ្រឿងអាចនាំចូលទៅវៀតណាមបាន»។
តាមប្រភពដដែលបានឱ្យដឹងថា មួយថ្ងៃក្រោយអន្តរាគមន៍វេលាម៉ោង ៣៖៣៥នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ភាគីវៀតណាមបានបើកច្រកឱ្យរថយន្តទាំងអស់ចូល ដោយទាមទារមានបណ្ណបើកបរ និងលិខិតបញ្ជាក់ដែលមានស្រាប់ប៉ុណ្ណោះ។
លោក បែន សុវិជាតិ បានបន្ថែមថា បច្ចុប្បន្ននេះ កម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងការនាំចេញដំឡូងមីទៅកាន់ទីផ្សារប្រទេសវៀតណាម និងប្រទេសចិន។ ក្នុងនោះ សម្រាប់ប្រទេសវៀតណាម មានទំហំ ៩លានតោន ដោយអនុវត្តរយៈពេល ៥ឆ្នាំ ខណៈការចុះកិច្ចសន្យាជាក់ស្ដែងមានជាង ៥០ម៉ឺនតោន។
យ៉ាងណាមិញ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា បញ្ហានេះមិនអាចកើតមានជាថ្មីទៀតបាននោះទេ ដូច្នេះភាគីទាំងពីរបាននិងកំពុងរៀបចំឯកសារ និងនីតិវិធីមួយចំនួនជាមុន ដើម្បីអនុវត្តរហូតដល់មានការជូនដំណឹងសារជាថ្មី៕




