ឧកញ៉ាមួយរូបគ្រោងបោះទុនបង្កើតរោងចក្រដំឡើងឧបករណ៍អេឡិចត្រូនិក (tablet) ដើម្បីជំរុញឧស្សាហកម្ម ៤.០ និងនាំយកបច្ចេកវិទ្យាតម្លៃសមរម្យមកកម្ពុជា (Vieo inside)
03-02-2026 16:57
(ភ្នំពេញ)៖ ឧកញ៉ាមួយរូប គ្រោងបោះទុន ប្រមាណ១០លានដុល្លារ បង្កើតរោងចក្រដំឡើងឧបករណ៍អេឡិចត្រូនិក (tablet) ដែលជារោងចក្រដំបូងគេនៅកម្ពុជា ដើម្បីជំរុញឧស្សាហកម្ម ៤.០ និងនាំយកបច្ចេកវិទ្យាតម្លៃសមរម្យមកកម្ពុជា។
អ្នកឧកញ៉ា សំ សុខនឿន ប្រធានក្រុមហ៊ុន KH HAITECH បានឱ្យដឹងថា ឧបករណ៍អេឡិចត្រូនិក (tablet) ដែលដំឡើងនេះ គឺដាក់ម៉ាកសញ្ញាកម្ពុជាតែម្តង ដោយមិនទិញហ្រ្វេនឆាយពីបរទេសឡើយ ប៉ុន្តែការដំឡើងគឺនាំយកបច្ចេកវិទ្យាពីក្រុមហ៊ុនហាយអឺគ្រុប ដែលជាក្រុមហ៊ុនមានជំនាញខ្ពស់ លើការផលិតឧបករណ៍អេឡិចត្រូនិក។
លោកបានឱ្យដឹងថា ការបង្កើតរោងចក្រដំឡើងឧបករណ៍អេឡិចត្រូនិក (tablet) នេះ ដោយមើលឃើញថា កម្ពុជា ជាពិសេសសិស្សានុសិស្សមានតម្រូវការឧបករណ៍អេឡិចត្រូនិក (tablet) សម្រាប់រៀនសូត្រ ដូច្នេះហើយទើបលោក សម្រេចបង្កើតរោងចក្រដំឡើង ថេប្លេត (tablet) ដែលមានតម្លៃសមរម្យសម្រាប់ទីផ្សារកម្ពុជា ពិសេសសម្រាប់សិស្សនិស្សិត និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចពង្រីកលទ្ធភាពប្រើប្រាស់ឧបករណ៍ឌីជីថល និងសិក្សាតាមប្រព័ន្ធអនឡាញកាន់តែទូលំទូលាយ។
លោកបានឱ្យដឹងថា ក្នុងដំណាក់កាលដំបូង រោងចក្រនេះ ចំណាយទុនប្រមាណ១០លានដុល្លារ ដោយគ្រោងផលិតប្រមាណ១ម៉ឺនគ្រឿង សម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារកម្ពុជា៕










